1. នេះជាព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ា ដល់យេរេមា ក្នុងកាលដែលស្តេចសេដេគាបានចាត់ផាសហ៊ើរជាកូនម៉ាលគា និងសេផានា ជាកូនម្អាសេយ៉ាដ៏ជាសង្ឃមកឯលោកដោយពាក្យថា
2. សូមទូលសួរដល់ព្រះយេហូវ៉ាឲ្យយើងផង ដ្បិតនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ច្បាំងនឹងយើងហើយ ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងប្រោសយើង តាមអស់ទាំងការអស្ចារ្យរបស់ទ្រង់ ដើម្បីឲ្យស្តេចនោះបានថយចេញពីយើងទៅទេដឹង។
3. ដូច្នេះ យេរេមាឆ្លើយតបថា ចូរអ្នករាល់គ្នាទូលតបនឹងសេដេគាយ៉ាងនេះ
4. ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា មើល អញនឹងបំបែរគ្រឿងសស្ត្រាវុធដែលនៅក្នុងដៃឯងរាល់គ្នានោះឲ្យត្រឡប់ថយ ជាគ្រឿងដែលប្រើច្បាំងតនឹងស្តេចបាប៊ីឡូន ហើយនឹងពួកខាល់ដេ ដែលឡោមព័ទ្ធឯងរាល់គ្នាខាងក្រៅកំផែង អញនឹងប្រមូលគេមកនៅកណ្តាលទីក្រុងនេះ
5. ហើយខ្លួនអញក៏នឹងច្បាំងតនឹងឯងរាល់គ្នា ដោយដៃលូកចេញ និងដើមដៃខ្លាំងពូកែ គឺដោយសេចក្តីកំហឹង សេចក្តីក្រោធ និងសេចក្តីគ្នាន់ក្នាញ់ជាខ្លាំង
6. អញនឹងប្រហារពួកអ្នកនៅក្រុងនេះ ទាំងមនុស្ស និងសត្វផង គេនឹងត្រូវស្លាប់ដោយអាសន្នរោគយ៉ាងធំ
7. ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា លំដាប់នោះ អញនឹងប្រគល់សេដេគា ជាស្តេចយូដា ហើយពួកមហាតលិក និងបណ្តាជនទាំងឡាយ គឺអស់អ្នកនៅក្នុងទីក្រុងនេះ ដែលសល់ពីអាសន្នរោគ ពីដាវ ហើយពីអំណត់អត់ ទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន គឺក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវគេ ជាពួកអ្នកដែលស្វែងរកជីវិតគេ ស្តេចនោះនឹងប្រហារគេ ដោយមុខដាវ ឥតប្រណី ឥតមេត្តា ឥតអាណិតអាសូរឡើយ។