8. ពួកសង្ឃក៏មិនបានសួរថា តើព្រះយេហូវ៉ាទ្រង់គង់នៅឯណាដែរ គឺពួកអ្នកដែលកាន់ប្រើក្រឹត្យវិន័យ គេមិនបានស្គាល់អញទេ ពួកគ្រប់គ្រងបានប្រព្រឹត្តរំលងនឹងអញ ហើយពួកហោរាបានទាយ ដោយព្រះបាលផង គេបានដើរតាមតែរបស់ដែលឥតមានប្រយោជន៍អ្វីសោះ។
9. ហេតុដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងតវ៉ានឹងឯងរាល់គ្នាទៀត ហើយនឹងកូនចៅរបស់ឯងតទៅដែរ
10. ដ្បិតមានតែឆ្លងទៅឯកោះទាំងប៉ុន្មានរបស់ពួកគីទីមមើល ហើយចាត់គេទៅឯស្រុកកេដារ ឲ្យពិចារណាយ៉ាងអស់ពីចិត្ត នោះនឹងឃើញបើដែលមានអ្វីឲ្យដូចឬទេ
11. តើដែលមានសាសន៍ណាផ្លាស់ព្រះរបស់ខ្លួន ដែលមិនមែនជាព្រះផងឬទេ តែរាស្ត្ររបស់អញបានដូរព្រះដ៏ជាសិរីល្អរបស់ខ្លួន ឲ្យបានតែរបស់ដែលឥតមានប្រយោជន៍វិញ
12. ព្រះយេហូវ៉ាទ្រង់ព្រះបន្ទូលថា ឱផ្ទៃមេឃអើយ ចូរឲ្យនឹកប្លែកពីដំណើរនេះ ហើយឲ្យភ័យស្បើមចុះ ត្រូវឲ្យមានចិត្តត្រមោចនៅ
13. ដ្បិតរាស្ត្រអញបានប្រព្រឹត្តអំពើអាក្រក់២យ៉ាង គឺបានទាំងបោះបង់ចោលអញ ដែលជាក្បាលទឹករស់ ហើយបានដាប់ធ្វើអាងវិញ ជាអាងប្រេះបែកដែលទុកទឹកមិនបានផង។
14. តើអ៊ីស្រាអែលជាខ្ញុំបំរើលោះដោយប្រាក់ ឬជាខ្ញុំបំរើដែលកើតនៅផ្ទះចៅហ្វាយ ហេតុអ្វីបានជាគេត្រូវរឹបជាន់ដូច្នេះ
15. កូនសិង្ហទាំងប៉ុន្មានបានគ្រហឹម ហើយសន្ធាប់ដាក់គេ ហើយបានបំផ្លាញស្រុក ឯទីក្រុងគេទាំងប៉ុន្មានបានត្រូវឆេះអស់ហើយ ឥតមានអ្នកណានៅទៀត
16. ពួកក្រុងណូព និងក្រុងតាហាពេនេស គេបានបំបែកកំពូលក្បាលរបស់ឯងហើយ
17. តើឯងមិនបាននាំការនេះមកលើខ្លួនឯងទេឬអី ដោយឯងបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃឯង ក្នុងកាលដែលទ្រង់កំពុងតែនាំឯងតាមផ្លូវនោះ
18. ចុះឥឡូវនេះ តើឯងមានការអ្វី បានជាទៅតាមផ្លូវទៅឯស្រុកអេស៊ីព្ទ ដោយប្រាថ្នាចង់ផឹកទឹកទន្លេស៊ីហោរដូច្នេះ ឬមានការអ្វីតាមផ្លូវទៅឯស្រុកអាសស៊ើរ ដើម្បីនឹងផឹកទឹកទន្លេនោះ
19. អំពើទុច្ចរិតរបស់ឯង នឹងវាយផ្ចាលឯង ហើយការរាថយរបស់ឯង នឹងស្តីបន្ទោសឯងវិញ ដូច្នេះ ចូរពិចារណា ហើយដឹងថា ការដែលឯងបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃឯង ឥតមានចិត្តកោតខ្លាចដល់អញនៅក្នុងខ្លួន នោះជាការអាក្រក់ ក៏ជូរចត់ណាស់ហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ។