27. ជាពួកអ្នកដែលនិយាយដល់ដុំឈើថា លោកជាឪពុកខ្ញុំ ហើយដល់ដុំថ្មថា លោកបានបង្កើតខ្ញុំ ពីព្រោះគេបានបែរខ្នងឲ្យអញ មិនហ៊ានបែរមុខឡើយ ប៉ុន្តែដល់គ្រាដែលគេកើតមានសេចក្តីវេទនា នោះគេនឹងអំពាវនាវដល់អញថា សូមទ្រង់ក្រោកឡើងជួយសង្គ្រោះយើងខ្ញុំផង
28. ឯព្រះដែលឯងបានធ្វើសំរាប់ខ្លួន តើនៅឯណា ចូរឲ្យវាក្រោកឡើងជួយឯងចុះ បើវាអាចនឹងជួយសង្គ្រោះឯង ក្នុងគ្រាដែលឯងកើតមានសេចក្តីវេទនានោះបាន ដ្បិត ឱពួកយូដាអើយ ចំនួនព្រះរបស់ឯង នោះប្រមាណស្មើនឹងទីក្រុងរបស់ឯងដែរ។
29. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ហេតុអ្វីបានជាឯងរាល់គ្នាចង់តនឹងអញដូច្នេះ ឯងរាល់គ្នាបានរំលងចំពោះអញហើយ
30. ការដែលអញបានវាយផ្ចាលពួកកូនចៅឯង នោះជាឥតអំពើទេ វាមិនព្រមរាងចាលឡើយ គឺជាដាវរបស់ខ្លួនឯងរាល់គ្នា ដែលបានត្របាក់លេបពួកហោរារបស់ឯង ដូចជាសិង្ហដែលហែកបំផ្លាញវិញ
31. ឱដំណមនុស្សនេះអើយ ចូរក្រឡេកមើលព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ តើអញបានដូចជាទីរហោស្ថាន ដល់សាសន៍អ៊ីស្រាអែល ឬជាទីងងឹតសូន្យសុងឬអី ហេតុអ្វីបានជារាស្ត្រអញពោលថា យើងបានផ្តាច់ចំណង ហើយយើងមិនព្រមមកឯទ្រង់ទៀតឡើយ ដូច្នេះ
32. តើស្រីក្រមុំនឹងភ្លេចគ្រឿងប្រដាប់របស់ខ្លួនបានឬ តើប្រពន្ធថ្មោងថ្មីនឹងភ្លេចគ្រឿងតែងខ្លួនសំរាប់រៀបការបានឬអី ប៉ុន្តែរាស្ត្ររបស់អញបានភ្លេចអញជាយូរថ្ងៃវិញ នឹងរាប់មិនបានឡើយ
33. ឯងប្រសប់អីម៉្លេះ នឹងរៀបផ្លូវរកសេចក្តីស្រឡាញ់ដូច្នេះ ឯងបានទាំងបង្រៀនពួកស្រីៗអាក្រក់ តាមផ្លូវរបស់ឯងដែរ
34. ១ទៀតនៅជាយអាវឯង នោះឃើញមានឈាមរបស់មនុស្សក្រីក្រ ជាអ្នកដែលឥតមានទោសផង អញមិនបានដឹងដោយស៊ើបសួររកបែបសំងាត់ទេ គឺបានឃើញដោយអំពើទាំងនេះវិញ
35. ប៉ុន្តែឯងថា ខ្ញុំគ្មានទោសទេ ប្រាកដជាសេចក្តីខ្ញាល់របស់ទ្រង់បានបែរចេញពីខ្ញុំហើយ មើលអញនឹងកាត់ទោសឯងដោយព្រោះឯងថា ឯងគ្មានធ្វើបាបឡើយដូច្នេះ
36. ហេតុអ្វីបានជាឯងអាល័យតែដើរចុះឡើង ដើម្បីបំផ្លាស់កិរិយារបស់ឯង ឯងនឹងត្រូវមានសេចក្តីខ្មាសចំពោះស្រុកអេស៊ីព្ទ ដូចជាឯងបានខ្មាស ចំពោះស្រុកអាសស៊ើរដែរ
37. ហើយឯងនឹងត្រូវចេញពីស្រុកនោះទៅទាំងដៃខ្ទប់ក្បាល ពីព្រោះព្រះយេហូវ៉ាទ្រង់មិនព្រមទទួលពួកដែលឯងយកជាទីពឹងនោះទេ ហើយឯងនឹងមិនបានចំរើននៅជាមួយនឹងគេដែរ។