18. ចុះឥឡូវនេះ តើឯងមានការអ្វី បានជាទៅតាមផ្លូវទៅឯស្រុកអេស៊ីព្ទ ដោយប្រាថ្នាចង់ផឹកទឹកទន្លេស៊ីហោរដូច្នេះ ឬមានការអ្វីតាមផ្លូវទៅឯស្រុកអាសស៊ើរ ដើម្បីនឹងផឹកទឹកទន្លេនោះ
19. អំពើទុច្ចរិតរបស់ឯង នឹងវាយផ្ចាលឯង ហើយការរាថយរបស់ឯង នឹងស្តីបន្ទោសឯងវិញ ដូច្នេះ ចូរពិចារណា ហើយដឹងថា ការដែលឯងបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃឯង ឥតមានចិត្តកោតខ្លាចដល់អញនៅក្នុងខ្លួន នោះជាការអាក្រក់ ក៏ជូរចត់ណាស់ហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ។
20. តាំងពីយូរមកហើយ នោះឯងបានបំបាក់នឹមឯង ហើយបានផ្តាច់ចំណងឯងចេញ ដោយពាក្យថា យើងមិនបំរើទៀតទេ ដ្បិតនៅលើគ្រប់ទាំងភ្នំតូចៗ ហើយនៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី នោះឯងបានដេកចុះផិតអញ
21. អញបានផ្សាំឯងទុកជាទំពាំងបាយជូរសំរាំង ជាពូជយ៉ាងល្អបំផុត ចុះធ្វើដូចម្តេចឲ្យឯងបានក្លាយទៅជាខ្នែងរបស់ដើមទំពាំងបាយជូរដទៃ ដល់អញដូច្នេះ
22. ដ្បិតទោះបើឯងលាងខ្លួនដោយក្បុង ហើយប្រើសាប៊ូជាច្រើនក៏ដោយ គង់តែព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា អំពើទុច្ចរិតរបស់ឯង នៅមានកត់ជាប់ចំពោះអញនៅឡើយដែរ
23. ធ្វើដូចម្តេចឲ្យឯងបានថា ឯងមិនសៅហ្មងទេ ហើយមិនបានគោរពតាមអស់ទាំងព្រះបាលសោះ ដូច្នេះ ចូរមើលស្នាមផ្លូវដែលឯងដើរនៅវាលច្រកភ្នំ ហើយយល់ពីការដែលឯងបានធ្វើនោះចុះ ឯងជាសត្វអូដ្ឋក្រមុំយ៉ាងលឿន ហើយសាវា
24. ជាលាព្រៃក្រមុំដែលធ្លាប់នៅទីរហោស្ថានក៏ស្រងក្លិនខ្យល់ដោយមានសំរើប លុះរដូវកំណត់របស់វា នោះតើអ្នកណានឹងបំបែរចេញបាន អ្នកណាដែលរកចាប់វា នោះមិនបាច់នឿយហត់នឹងទៅតាមទេ ដ្បិតដល់រដូវកំណត់ នោះនឹងបានប្រទះហើយ
25. កុំឲ្យប្រថុយខ្លួនឲ្យនៅជើងទទេ ហើយខះកនោះឡើយ តែឯងបានតបថាឥតប្រយោជន៍ទេ ដ្បិតខ្ញុំបានស្រឡាញ់ពួកដទៃ ហើយនឹងរត់ទៅតាមគេវិញ។
26. ឯចោរ ដែលគេទាន់ឃើញ តែងមានសេចក្តីខ្មាសយ៉ាងណា នោះពួកវង្សអ៊ីស្រាអែល ក៏មានសេចក្តីខ្មាសយ៉ាងនោះដែរ គឺស្តេចគេ ព្រមទាំងពួកគេ ពួកចៅហ្វាយ ពួកសង្ឃ និងពួកហោរារបស់គេផង