11. តើដែលមានសាសន៍ណាផ្លាស់ព្រះរបស់ខ្លួន ដែលមិនមែនជាព្រះផងឬទេ តែរាស្ត្ររបស់អញបានដូរព្រះដ៏ជាសិរីល្អរបស់ខ្លួន ឲ្យបានតែរបស់ដែលឥតមានប្រយោជន៍វិញ
12. ព្រះយេហូវ៉ាទ្រង់ព្រះបន្ទូលថា ឱផ្ទៃមេឃអើយ ចូរឲ្យនឹកប្លែកពីដំណើរនេះ ហើយឲ្យភ័យស្បើមចុះ ត្រូវឲ្យមានចិត្តត្រមោចនៅ
13. ដ្បិតរាស្ត្រអញបានប្រព្រឹត្តអំពើអាក្រក់២យ៉ាង គឺបានទាំងបោះបង់ចោលអញ ដែលជាក្បាលទឹករស់ ហើយបានដាប់ធ្វើអាងវិញ ជាអាងប្រេះបែកដែលទុកទឹកមិនបានផង។
14. តើអ៊ីស្រាអែលជាខ្ញុំបំរើលោះដោយប្រាក់ ឬជាខ្ញុំបំរើដែលកើតនៅផ្ទះចៅហ្វាយ ហេតុអ្វីបានជាគេត្រូវរឹបជាន់ដូច្នេះ
15. កូនសិង្ហទាំងប៉ុន្មានបានគ្រហឹម ហើយសន្ធាប់ដាក់គេ ហើយបានបំផ្លាញស្រុក ឯទីក្រុងគេទាំងប៉ុន្មានបានត្រូវឆេះអស់ហើយ ឥតមានអ្នកណានៅទៀត
16. ពួកក្រុងណូព និងក្រុងតាហាពេនេស គេបានបំបែកកំពូលក្បាលរបស់ឯងហើយ
17. តើឯងមិនបាននាំការនេះមកលើខ្លួនឯងទេឬអី ដោយឯងបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃឯង ក្នុងកាលដែលទ្រង់កំពុងតែនាំឯងតាមផ្លូវនោះ
18. ចុះឥឡូវនេះ តើឯងមានការអ្វី បានជាទៅតាមផ្លូវទៅឯស្រុកអេស៊ីព្ទ ដោយប្រាថ្នាចង់ផឹកទឹកទន្លេស៊ីហោរដូច្នេះ ឬមានការអ្វីតាមផ្លូវទៅឯស្រុកអាសស៊ើរ ដើម្បីនឹងផឹកទឹកទន្លេនោះ
19. អំពើទុច្ចរិតរបស់ឯង នឹងវាយផ្ចាលឯង ហើយការរាថយរបស់ឯង នឹងស្តីបន្ទោសឯងវិញ ដូច្នេះ ចូរពិចារណា ហើយដឹងថា ការដែលឯងបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃឯង ឥតមានចិត្តកោតខ្លាចដល់អញនៅក្នុងខ្លួន នោះជាការអាក្រក់ ក៏ជូរចត់ណាស់ហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ។
20. តាំងពីយូរមកហើយ នោះឯងបានបំបាក់នឹមឯង ហើយបានផ្តាច់ចំណងឯងចេញ ដោយពាក្យថា យើងមិនបំរើទៀតទេ ដ្បិតនៅលើគ្រប់ទាំងភ្នំតូចៗ ហើយនៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី នោះឯងបានដេកចុះផិតអញ
21. អញបានផ្សាំឯងទុកជាទំពាំងបាយជូរសំរាំង ជាពូជយ៉ាងល្អបំផុត ចុះធ្វើដូចម្តេចឲ្យឯងបានក្លាយទៅជាខ្នែងរបស់ដើមទំពាំងបាយជូរដទៃ ដល់អញដូច្នេះ