1. ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
2. ចូរទៅចុះ ហើយស្រែកដាក់ត្រចៀកពួកក្រុងយេរូសាឡិមថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ គឺអញនឹកចាំពីឯងកាលនៅក្មេង ដែលឯងមានចិត្តកួចចំពោះអញ ហើយពីសេចក្តីស្រឡាញ់របស់ឯង កាលទើបនឹងបានគ្នា គឺដែលឯងបានដើរតាមអញ នៅក្នុងទីរហោស្ថាន ជាកន្លែងដែលឥតមានអ្នកណាសាបព្រោះឡើយ
3. គ្រានោះ អ៊ីស្រាអែលជាពួកបរិសុទ្ធដល់ព្រះយេហូវ៉ា ជាផលដំបូងនៃសេចក្តីចំរើនរបស់ទ្រង់ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អស់អ្នកណាដែលស៊ីបង្ហិនគេ នោះនឹងត្រូវមានទោស សេចក្តីអាក្រក់នឹងមកគ្របលើអ្នកនោះ។
4. ឱពួកវង្សរបស់យ៉ាកុប និងអស់ទាំងគ្រួសារនៃពួកអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
5. ទ្រង់មានព្រះបន្ទូលសួរថា ពួកព្ធយុកោរបស់ឯងរាល់គ្នាបានឃើញមានសេចក្តីទុច្ចរិតយ៉ាងណានៅក្នុងអញ បានជាគេថយទៅឆ្ងាយពីអញដូច្នេះ ព្រមទាំងប្រព្រឹត្តតាមសេចក្តីឥតប្រយោជន៍ ហើយក៏ទៅជាឥតប្រយោជន៍គ្រប់គ្នាផង
6. គេក៏មិនបានសួរថា ព្រះយេហូវ៉ាដែលនាំយើងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក ហើយបាននាំយើងដើរកាត់ទីរហោស្ថាន ជាកន្លែងដែលមានសុទ្ធតែវាលខ្សាច់ និងជង្ហុក គឺជាទីមានតែដីហួតហែង និងម្លប់នៃសេចក្តីស្លាប់ទទេ ជាកន្លែងដែលឥតមានមនុស្សដើរកាត់ ឬមនុស្សណាអាស្រ័យនៅឡើយ តើទ្រង់នៅឯណា
7. អញក៏បាននាំឯងរាល់គ្នាចូលទៅក្នុងស្រុកដ៏សំបូរ ដើម្បីឲ្យបានបរិភោគផល និងរបស់ល្អនៃស្រុកនោះ ប៉ុន្តែកាលឯងរាល់គ្នាបានចូលទៅហើយ នោះបានធ្វើឲ្យស្រុកអញទៅជាស្មោកគ្រោក ហើយឲ្យមរដករបស់អញបានត្រឡប់ជាទីស្អប់ខ្ពើមវិញ
8. ពួកសង្ឃក៏មិនបានសួរថា តើព្រះយេហូវ៉ាទ្រង់គង់នៅឯណាដែរ គឺពួកអ្នកដែលកាន់ប្រើក្រឹត្យវិន័យ គេមិនបានស្គាល់អញទេ ពួកគ្រប់គ្រងបានប្រព្រឹត្តរំលងនឹងអញ ហើយពួកហោរាបានទាយ ដោយព្រះបាលផង គេបានដើរតាមតែរបស់ដែលឥតមានប្រយោជន៍អ្វីសោះ។
9. ហេតុដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងតវ៉ានឹងឯងរាល់គ្នាទៀត ហើយនឹងកូនចៅរបស់ឯងតទៅដែរ
10. ដ្បិតមានតែឆ្លងទៅឯកោះទាំងប៉ុន្មានរបស់ពួកគីទីមមើល ហើយចាត់គេទៅឯស្រុកកេដារ ឲ្យពិចារណាយ៉ាងអស់ពីចិត្ត នោះនឹងឃើញបើដែលមានអ្វីឲ្យដូចឬទេ
11. តើដែលមានសាសន៍ណាផ្លាស់ព្រះរបស់ខ្លួន ដែលមិនមែនជាព្រះផងឬទេ តែរាស្ត្ររបស់អញបានដូរព្រះដ៏ជាសិរីល្អរបស់ខ្លួន ឲ្យបានតែរបស់ដែលឥតមានប្រយោជន៍វិញ
12. ព្រះយេហូវ៉ាទ្រង់ព្រះបន្ទូលថា ឱផ្ទៃមេឃអើយ ចូរឲ្យនឹកប្លែកពីដំណើរនេះ ហើយឲ្យភ័យស្បើមចុះ ត្រូវឲ្យមានចិត្តត្រមោចនៅ
13. ដ្បិតរាស្ត្រអញបានប្រព្រឹត្តអំពើអាក្រក់២យ៉ាង គឺបានទាំងបោះបង់ចោលអញ ដែលជាក្បាលទឹករស់ ហើយបានដាប់ធ្វើអាងវិញ ជាអាងប្រេះបែកដែលទុកទឹកមិនបានផង។
14. តើអ៊ីស្រាអែលជាខ្ញុំបំរើលោះដោយប្រាក់ ឬជាខ្ញុំបំរើដែលកើតនៅផ្ទះចៅហ្វាយ ហេតុអ្វីបានជាគេត្រូវរឹបជាន់ដូច្នេះ
15. កូនសិង្ហទាំងប៉ុន្មានបានគ្រហឹម ហើយសន្ធាប់ដាក់គេ ហើយបានបំផ្លាញស្រុក ឯទីក្រុងគេទាំងប៉ុន្មានបានត្រូវឆេះអស់ហើយ ឥតមានអ្នកណានៅទៀត