1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរទៅទិញក្អមធ្វើដោយដី ពីជាងស្មូនមក រួចនាំពួកចាស់ទុំនៃបណ្តាជន និងពួកចាស់ទុំក្នុងពួកសង្ឃ
2. ចេញទៅឯច្រកភ្នំនៃកូនចៅហ៊ីនណំម ដែលនៅត្រង់មុខទ្វារចូលហារស៊ីត ហើយប្រកាសប្រាប់ពាក្យទាំងប៉ុន្មាននៅទីនោះ ដែលអញនឹងប្រាប់ដល់ឯង
3. ត្រូវឲ្យប្រាប់ថា ឱពួកស្តេចស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំសេចក្តីអាក្រក់មកលើទីនេះ ដែលអ្នកណាឮ នោះនឹងខ្ទ័រត្រចៀក
4. ដ្បិតគេបានបោះបង់ចោលអញ ហើយបានបង្អាប់ទីនេះ ព្រមទាំងដុតកំញាននៅទីនេះថ្វាយដល់ព្រះដទៃ ជាព្រះដែល ទោះទាំងខ្លួនគេ ពួកព្ធយុកោគេ ឬពួកស្តេចសាសន៍យូដា ក៏មិនបានស្គាល់ផង ហើយបានធ្វើឲ្យទីនេះពេញ ដោយឈាមនៃមនុស្ស ដែលឥតមានទោសដែរ
5. គេបានស្អាងអស់ទាំងទីខ្ពស់របស់ព្រះបាលសំរាប់នឹងដុតកូនប្រុសៗរបស់គេ ទុកជាដង្វាយដុតថ្វាយព្រះបាល ជាការដែលអញមិនបានបង្គាប់ដល់គេ ឬនិយាយឡើយ ក៏មិនបានចូលក្នុងគំនិតអញដែរ
6. ដូច្នេះព្រះយេហូវ៉ាមានព្រះបន្ទូលថា មើលនឹងមានគ្រាមកដល់ ដែលគេនឹងលែងហៅទីនេះថា តូផែត ឬថា ច្រកភ្នំរបស់កូនចៅហ៊ីនណំមទៀត គឺនឹងហៅថា ច្រកភ្នំសំឡេះវិញ
7. គ្រានោះ អញនឹងធ្វើឲ្យសេចក្តីប្រឹក្សារបស់ពួកស្រុកយូដា និងក្រុងយេរូសាឡិមសូន្យបាត់នៅទីនេះ ព្រមទាំងធ្វើឲ្យគេដួលដោយដាវ នៅមុខពួកខ្មាំងសត្រូវរបស់គេ ហើយដោយដៃនៃពួកអ្នកដែលរកជីវិតគេផង ឯសាកសពរបស់គេ អញនឹងប្រគល់ជាអាហារ ដល់សត្វហើរលើអាកាស និងសត្វជើង៤នៅផែនដី