3. ដូច្នេះ ខ្ញុំក៏ចុះទៅដល់ផ្ទះរបស់ជាងស្មូន ហើយមើល គាត់កំពុងតែធ្វើការនៅលើតុវិល
4. បើកាលណាភាជនៈដែលគាត់កំពុងធ្វើពីដីឥដ្ឋបានខូចនៅដៃគាត់ នោះក៏ធ្វើឡើងជាភាជនៈផ្សេងទៀតវិញ តាមដែលគាត់យល់ឃើញថាគួរ។
5. ខណៈនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំថា
6. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ តើអញគ្មានអំណាចនឹងធ្វើដល់ឯងរាល់គ្នា ដូចជាជាងស្មូននេះបានធ្វើដែរទេឬអី មើល ឱពួកវង្សអ៊ីស្រាអែលអើយ ដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូនយ៉ាងណា នោះឯងរាល់គ្នាក៏នៅក្នុងដៃអញយ៉ាងនោះដែរ
7. នៅវេលាណាដែលអញនិយាយពីដំណើរសាសន៍ណា ឬនគរណាថា នឹងដករំលើងគេ ព្រមទាំងរំលំ ហើយបំផ្លាញផង
8. បើសិនជានគរដែលអញបាននិយាយនោះ នឹងបែរចេញពីអំពើអាក្រក់របស់ខ្លួន នោះអញនឹងប្រែគំនិតចេញពីការអាក្រក់ ដែលអញបានគិតធ្វើដល់គេ ក្នុងវេលានោះឯង
9. ហើយនៅវេលាណាដែលអញនិយាយពីសាសន៍ណា ឬនគរណា ថានឹងស្អាងគេ ហើយតាំងគេឡើង
10. បើសិនជាគេប្រព្រឹត្តអំពើអាក្រក់នៅភ្នែកអញ ហើយមិនស្តាប់តាមពាក្យអញវិញ នោះអញនឹងប្រែគំនិតចេញពីការល្អ ដែលអញបានថានឹងធ្វើដល់គេនៅវេលានោះដែរ
11. ដូច្នេះ ចូរប្រាប់ដល់មនុស្សនៅស្រុកយូដា ហើយពួកអ្នកនៅក្រុងយេរូសាឡិមឥឡូវនេះថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញកំពុងតែឡោមព័ទ្ធឯងរាល់គ្នាជុំវិញ ដោយការអាក្រក់ ហើយក៏មានគំនិតទាស់នឹងឯងដែរ ដូច្នេះ ចូរវិលមកពីផ្លូវអាក្រក់របស់ឯងរៀងខ្លួន ហើយឲ្យកែប្រែផ្លូវប្រព្រឹត្ត និងកិរិយារបស់ឯងឡើងវិញឥឡូវចុះ
12. តែគេឆ្លើយថា ឥតប្រយោជន៍ទេ ដ្បិតយើងរាល់គ្នានឹងដើរតាមតែគំនិតរបស់យើងប៉ុណ្ណោះ យើងរាល់គ្នានឹងធ្វើតាមតែសេចក្តីរឹងចចេសនៃចិត្តអាក្រក់របស់យើងរៀងខ្លួន។
13. ហេតុនោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរស៊ើបសួររកនៅកណ្តាលសាសន៍ដទៃទាំងប៉ុន្មានចុះ តើដែលមានអ្នកណាឮនិយាយពីការយ៉ាងនេះឬទេ នាងក្រមុំនៃពួកអ៊ីស្រាអែលបានប្រព្រឹត្តការដ៏ពន្លឹកគួរស្បើម
14. តើហិមៈនៅលើភ្នំល្បាណូន នឹងលែងមានពីថ្មនៅវាលបានឬ តើទឹកត្រជាក់ដែលហូរចុះមកពីទីឆ្ងាយ នឹងហួតបាត់ទៅឬអី
15. ដ្បិតឯរាស្ត្រអញនេះ គេបានភ្លេចអញហើយ គេបានដុតកំញានថ្វាយដល់អស់ទាំងព្រះក្លែងក្លាយ ហើយគេត្រូវចំពប់ក្នុងផ្លូវរបស់ខ្លួន គឺជាផ្លូវពីចាស់បុរាណ ឲ្យបានដើរវាងទៅតាមផ្លូវច្រកដែលមិនបានលើកឡើយ
16. ដើម្បីឲ្យស្រុកគេបានត្រឡប់ជាទីស្រឡាំងកាំង ហើយជាទីដែលមនុស្សធ្វើស៊ីសស៊ូសឲ្យជានិច្ច អស់អ្នកណាដែលដើរតាមស្រុកនោះ នឹងភាំងឆ្ងល់ ហើយគ្រវីក្បាលផង
17. អញនឹងកំចាត់កំចាយគេនៅចំពោះពួកខ្មាំងសត្រូវ ហាក់ដូចជាមានខ្យល់ពីទិសខាងកើតផាត់ទៅ ឯអញនឹងបែរខ្នងដល់គេ មិនមែនបែរមុខមើលគេ ក្នុងវេលាដែលគេមានសេចក្តីវេទនានោះឡើយ។
18. លំដាប់នោះ គេបបួលគ្នាថា ចូរមក យើងរកបង្កើតឧបាយទាស់នឹងយេរេមាចុះ ដ្បិតក្រឹត្យវិន័យនឹងមិនដែលសូន្យបាត់ពីពួកសង្ឃ ឬសេចក្តីប្រឹក្សាពីពួកអ្នកប្រាជ្ញ ឬព្រះបន្ទូលពីពួកហោរាឡើយ ចូរមកចុះ យើងនឹងវាយវាដោយអណ្តាត កុំឲ្យយើងស្តាប់តាមពាក្យណារបស់វាទៀតឡើយ។