1. នេះជាព្រះបន្ទូលដែលមកពីព្រះយេហូវ៉ាដល់យេរេមាថា
2. ចូរក្រោកឡើង ចុះទៅឯផ្ទះជាងស្មូន នៅទីនោះអញនឹងឲ្យឯងឮពាក្យអញ
3. ដូច្នេះ ខ្ញុំក៏ចុះទៅដល់ផ្ទះរបស់ជាងស្មូន ហើយមើល គាត់កំពុងតែធ្វើការនៅលើតុវិល
4. បើកាលណាភាជនៈដែលគាត់កំពុងធ្វើពីដីឥដ្ឋបានខូចនៅដៃគាត់ នោះក៏ធ្វើឡើងជាភាជនៈផ្សេងទៀតវិញ តាមដែលគាត់យល់ឃើញថាគួរ។
5. ខណៈនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំថា
6. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ តើអញគ្មានអំណាចនឹងធ្វើដល់ឯងរាល់គ្នា ដូចជាជាងស្មូននេះបានធ្វើដែរទេឬអី មើល ឱពួកវង្សអ៊ីស្រាអែលអើយ ដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូនយ៉ាងណា នោះឯងរាល់គ្នាក៏នៅក្នុងដៃអញយ៉ាងនោះដែរ
7. នៅវេលាណាដែលអញនិយាយពីដំណើរសាសន៍ណា ឬនគរណាថា នឹងដករំលើងគេ ព្រមទាំងរំលំ ហើយបំផ្លាញផង
8. បើសិនជានគរដែលអញបាននិយាយនោះ នឹងបែរចេញពីអំពើអាក្រក់របស់ខ្លួន នោះអញនឹងប្រែគំនិតចេញពីការអាក្រក់ ដែលអញបានគិតធ្វើដល់គេ ក្នុងវេលានោះឯង
9. ហើយនៅវេលាណាដែលអញនិយាយពីសាសន៍ណា ឬនគរណា ថានឹងស្អាងគេ ហើយតាំងគេឡើង
10. បើសិនជាគេប្រព្រឹត្តអំពើអាក្រក់នៅភ្នែកអញ ហើយមិនស្តាប់តាមពាក្យអញវិញ នោះអញនឹងប្រែគំនិតចេញពីការល្អ ដែលអញបានថានឹងធ្វើដល់គេនៅវេលានោះដែរ
11. ដូច្នេះ ចូរប្រាប់ដល់មនុស្សនៅស្រុកយូដា ហើយពួកអ្នកនៅក្រុងយេរូសាឡិមឥឡូវនេះថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញកំពុងតែឡោមព័ទ្ធឯងរាល់គ្នាជុំវិញ ដោយការអាក្រក់ ហើយក៏មានគំនិតទាស់នឹងឯងដែរ ដូច្នេះ ចូរវិលមកពីផ្លូវអាក្រក់របស់ឯងរៀងខ្លួន ហើយឲ្យកែប្រែផ្លូវប្រព្រឹត្ត និងកិរិយារបស់ឯងឡើងវិញឥឡូវចុះ