15. មើល គេសួរទូលបង្គំថា តើព្រះបន្ទូលនៃព្រះយេហូវ៉ានៅឯណា ឲ្យការនោះមកឥឡូវចុះ
16. តែឯទូលបង្គំវិញ ទូលបង្គំមិនបានរហ័សនឹងលែងធ្វើជាអ្នកគង្វាលតាមទ្រង់ឡើយ ក៏មិនបានប្រាថ្នាឲ្យថ្ងៃវេទនានោះមកដែរ ទ្រង់ជ្រាបហើយ ដ្បិតសេចក្តីដែលចេញពីបបូរមាត់ទូលបង្គំ សុទ្ធតែនៅចំពោះទ្រង់ទាំងអស់
17. សូមកុំឲ្យទ្រង់បានធ្វើជាសេចក្តីស្ញែងខ្លាច ដល់ទូលបង្គំឡើយ ទ្រង់ជាទីពឹងជ្រកនៃទូលបង្គំក្នុងថ្ងៃអាក្រក់
18. សូមឲ្យពួកអ្នកដែលបៀតបៀនដល់ទូលបង្គំត្រូវអៀនខ្មាស តែកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមឲ្យគេត្រូវស្រយុតចិត្តទៅ តែកុំឲ្យទូលបង្គំត្រូវស្រយុតចិត្តឲ្យសោះ សូមនាំថ្ងៃអាក្រក់នោះឲ្យមកលើគេវិញ ហើយបំផ្លាញគេ ដោយការបំផ្លាញ១ជា២ផង។
19. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំដូច្នេះថា ចូរទៅឈរនៅមាត់ទ្វារក្រុងនៃពួកកូនចៅជនជាតិនេះ ជាទ្វារដែលពួកស្តេចយូដាធ្លាប់ចេញចូល ហើយនៅត្រង់ទ្វារក្រុងយេរូសាឡិមទាំងអស់ដែរ
20. ត្រូវឲ្យប្រាប់គេថា ឱពួកស្តេចយូដា និងបណ្តាជនជាតិយូដាទាំងអស់ ហើយពួកអ្នកនៅក្រុងយេរូសាឡិម ដែលចូលតាមទ្វារទាំងនេះអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
21. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរប្រុងប្រយ័ត្នខ្លួន កុំឲ្យលីសែងបន្ទុកអ្វី ចូលមកតាមទ្វារក្រុងយេរូសាឡិម នៅថ្ងៃឈប់សំរាកឡើយ
22. ក៏កុំឲ្យលីសែងបន្ទុកអ្វីចេញពីផ្ទះឯងរាល់គ្នា ឬធ្វើការអ្វីនៅថ្ងៃឈប់សំរាកដែរ ត្រូវឲ្យញែកថ្ងៃឈប់សំរាកទុកជាថ្ងៃបរិសុទ្ធវិញ ដូចជាអញបានបង្គាប់ដល់ពួកព្ធយុកោឯងរាល់គ្នាហើយ
23. ប៉ុន្តែគេមិនបានស្តាប់តាម ឬផ្ទៀងត្រចៀកឡើយ គឺគេតាំងចិត្តរឹងរូសវិញដើម្បីមិនឲ្យឮ ឬទទួលសេចក្តីប្រៀនប្រដៅសោះ។
24. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា បើសិនជាឯងរាល់គ្នានឹងខំព្យាយាមស្តាប់តាមអញ ដើម្បីមិនឲ្យលីសែងបន្ទុកណាចូលមកតាមទ្វារក្រុងនេះ នៅថ្ងៃឈប់សំរាក គឺនឹងញែកថ្ងៃឈប់សំរាកទុកជាថ្ងៃបរិសុទ្ធវិញ ឥតធ្វើការអ្វីនៅថ្ងៃនោះ
25. នោះនឹងមានស្តេច ហើយនឹងពួកចៅហ្វាយ ដែលគង់លើបល្ល័ង្កដាវីឌ ចូលមកតាមទ្វារក្រុងនេះ គេនឹងជិះរាជរថ ហើយនឹងសេះ ទាំងខ្លួនគេ និងពួកចៅហ្វាយ ព្រមទាំងបណ្តាមនុស្សនៅស្រុកយូដា និងពួកអ្នកនៅក្រុងយេសាឡិមទាំងប៉ុន្មានផង ហើយទីក្រុងនេះនឹងស្ថិតស្ថេរនៅជាដរាបតទៅ
26. មនុស្សនឹងមកពីអស់ទាំងទីក្រុងនៅស្រុកយូដា ពីតំបន់នៅជុំវិញនៃក្រុងយេរូសាឡិម ពីស្រុកបេនយ៉ាមីន ពីស្រុកទំនាប ពីស្រុកភ្នំ ពីស្រុកត្បូង នាំយកដង្វាយដុត យញ្ញបូជា ដង្វាយម្សៅ កំញាន និងដង្វាយសំរាប់អរព្រះគុណ មកដល់ទីព្រះវិហារនៃព្រះយេហូវ៉ា
27. តែបើឯងរាល់គ្នាមិនព្រមស្តាប់តាមអញ ដើម្បីនឹងញែកថ្ងៃឈប់សំរាកទុកជាថ្ងៃបរិសុទ្ធ ហើយលែងលីសែងបន្ទុកចូលតាមទ្វារក្រុងយេរូសាឡិម នៅថ្ងៃឈប់សំរាកទេ នោះអញនឹងបង្កាត់ភ្លើងនៅទ្វារក្រុងទាំងប៉ុន្មាន ហើយភ្លើងនោះនឹងឆេះបំផ្លាញអស់ទាំងដំណាក់ នៅក្រុងយេរូសាឡិមទៅ ឥតដែលរលត់ឡើយ។