យេរេមា 15:4-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. អញ​នឹង​ធ្វើ​ឲ្យ​គេ​ត្រូវ​បោះ​ទៅ​មក​នា​កណ្តាល​អស់​ទាំង​សាសន៍​នៅ​ផែនដី ដោយ​ព្រោះ​ម៉ាន៉ាសេ ជា​បុត្រា​ហេសេគា ស្តេច​ស្រុក​យូដា និង​ការ​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នៅ​ក្រុង​យេរូ‌សាឡិម។

5. ឱ​ក្រុង​យេរូ‌សាឡិម​អើយ តើ​អ្នក​ណា​នឹង​អាណិត​ប្រណី​ដល់​ឯង ឬ​អ្នក​ណា​នឹង​សោក​ស្តាយ​ឯង តើ​អ្នក​ណា​នឹង​បែរ​មក​សួរ​ពី​សេចក្តី​សុខ​ទុក្ខ​របស់​ឯង

6. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​បាន​បោះ‌បង់​ចោល​អញ​ហើយ ឯង​បាន​រា‌ថយ​ចេញ ហេតុ​នោះ​បាន​ជា​អញ​លូក​ដៃ​ទៅ​ទាស់​នឹង​ឯង ហើយ​បំផ្លាញ​ឯង​បង់ អញ​ណាយ​ចិត្ត​ហើយ ដោយ​ការ​ផ្លាស់​ប្រែ​គំនិត

7. អញ​បាន​អុំ​គេ ដោយ​ចង្អេរ​នៅ​ត្រង់​ទ្វារ​ក្រុង​ក្នុង​ស្រុក អញ​បាន​ធ្វើ​ឲ្យ​បាត់‌បង់​កូន​អស់​ទៅ គឺ​អញ​បាន​បំផ្លាញ​រាស្ត្រ​អញ​ហើយ ព្រោះ​គេ​មិន​បាន​បែរ​ត្រឡប់​មក​ពី​ផ្លូវ​របស់​គេ​ទេ

8. ស្រី​មេម៉ាយ​របស់​គេ​បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​មុខ​អញ លើស​ជាង​ខ្សាច់​នៅ​មាត់​សមុទ្រ​ទៅ​ទៀត អញ​បាន​នាំ​អ្នក​បំផ្លាញ​ម្នាក់​មក​លើ​ម្តាយ​របស់​ពួក​កំឡោះៗ​ទាំង​ថ្ងៃ​ត្រង់ អញ​បាន​បណ្តាល​ឲ្យ​មាន​សេចក្តី​ទុក្ខ​ព្រួយ និង​សេចក្តី​ស្ញែង​ខ្លាច​លោ​មក​លើ​គេ​ភ្លាម

9. ស្ត្រី​ណា​ដែល​បាន​បង្កើត​កូន​៧​នាក់​ក៏​ល្វើយ​ទៅ រួច​ប្លុង​វិញ្ញាណ​ចេញ ពន្លឺ​របស់​នាង​បាន​លិច​ទៅ ក្នុង​កាល​ដែល​នៅ​ថ្ងៃ​នៅ​ឡើយ នាង​បាន​ត្រូវ​អៀន‌ខ្មាស ហើយ​ជ្រប់​មុខ​ទៅ ឯ​ពួក​ដែល​សល់​នៅ នោះ​អញ​នឹង​ប្រគល់​ដល់​ដាវ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​របស់​គេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

10. ម៉ែ​អើយ វរ‌ហើយ​ខ្ញុំ ដ្បិត​ម៉ែ​បាន​បង្កើត​ខ្ញុំ​មក​ជា​មនុស្ស​ទទឹង​ទាស់ ហើយ​ជជែក​បន្ទោស​ដល់​លោកីយ៍​ទាំង​មូល ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ណា​ខ្ចី ក៏​មិន​បាន​ខ្ចី​ពី​គេ​ផង​ដែរ ប៉ុន្តែ​គេ​ប្រទេច​ផ្តាសា​ខ្ញុំ​គ្រប់​គ្នា

11. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ពិត​ប្រាកដ​ជា​អញ​នឹង​ចំរើន​កំឡាំង​ឯង ឲ្យ​បាន​សេចក្តី​ល្អ​ទៅ​មុខ ពិត​ប្រាកដ​ជា​អញ​នឹង​បណ្តាល​ឲ្យ​ពួក​ខ្មាំង​សត្រូវ​មក​អង្វរ​ដល់​ឯង​ក្នុង​គ្រា​អាក្រក់ ហើយ​ក្នុង​គ្រា​វេទនា។

12. តើ​ដែក​អាច​នឹង​បំបាក់​បំបែក​ដែក​ពី​ស្រុក​ខាង​ជើង ហើយ​នឹង​លង្ហិន​បាន​ឬ​ទេ

13. ឯ​ធន‌ធាន និង​ទ្រព្យ​សម្បត្តិ​របស់​ឯង អញ​នឹង​ឲ្យ​ដល់​គេ​ទុក​ជា​របឹប​ដោយ​ឥត​ថ្លៃ គឺ​ដោយ​ព្រោះ​អស់​ទាំង​អំពើ​បាប​របស់​ឯង នៅ​គ្រប់​ទាំង​ព្រំ‌ដែន​របស់​ឯង

14. អញ​នឹង​ឲ្យ​ឯង​ឆ្លង​ទៅ​ជា​មួយ​នឹង​ពួក​ខ្មាំង​សត្រូវ​ឯង ដល់​ស្រុក​១​ដែល​ឯង​មិន​ស្គាល់ ដ្បិត​មាន​ភ្លើង​កាត់​ឡើង​ក្នុង​សេចក្តី​កំហឹង​របស់​អញ ភ្លើង​នោះ​នឹង​ឆេះ​ដល់​ឯង​រាល់​គ្នា។

15. ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជ្រាប​ហើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូល‌បង្គំ ហើយ​ប្រោស​ទូល‌បង្គំ​ផង សូម​សង‌សឹក​នឹង​ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ សូម​កុំ​ដក​ទូល‌បង្គំ​ចេញ ដោយ​ទ្រង់​ត្រូវ​រង​ទ្រាំ​ជា​យូរ​នោះ​ឡើយ សូម​ជ្រាប​ថា ទូល‌បង្គំ​រង​ទ្រាំ​សេចក្តី​ដំនៀល ដោយ​យល់​ដល់​ទ្រង់

យេរេមា 15