3. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងដំរូវឲ្យមាន៤មុខកើតឡើងដល់គេ គឺដាវសំរាប់កាប់សំឡាប់១ ឆ្កែសំរាប់ហែកស៊ី១ និងសត្វហើរលើអាកាស១ ហើយសត្វព្រៃនៅផែនដីសំរាប់ជញ្ជែងស៊ី ហើយបំផ្លាញផង
4. អញនឹងធ្វើឲ្យគេត្រូវបោះទៅមកនាកណ្តាលអស់ទាំងសាសន៍នៅផែនដី ដោយព្រោះម៉ាន៉ាសេ ជាបុត្រាហេសេគា ស្តេចស្រុកយូដា និងការដែលទ្រង់បានប្រព្រឹត្តនៅក្រុងយេរូសាឡិម។
5. ឱក្រុងយេរូសាឡិមអើយ តើអ្នកណានឹងអាណិតប្រណីដល់ឯង ឬអ្នកណានឹងសោកស្តាយឯង តើអ្នកណានឹងបែរមកសួរពីសេចក្តីសុខទុក្ខរបស់ឯង
6. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯងបានបោះបង់ចោលអញហើយ ឯងបានរាថយចេញ ហេតុនោះបានជាអញលូកដៃទៅទាស់នឹងឯង ហើយបំផ្លាញឯងបង់ អញណាយចិត្តហើយ ដោយការផ្លាស់ប្រែគំនិត
7. អញបានអុំគេ ដោយចង្អេរនៅត្រង់ទ្វារក្រុងក្នុងស្រុក អញបានធ្វើឲ្យបាត់បង់កូនអស់ទៅ គឺអញបានបំផ្លាញរាស្ត្រអញហើយ ព្រោះគេមិនបានបែរត្រឡប់មកពីផ្លូវរបស់គេទេ
8. ស្រីមេម៉ាយរបស់គេបានចំរើនជាច្រើនឡើងនៅមុខអញ លើសជាងខ្សាច់នៅមាត់សមុទ្រទៅទៀត អញបាននាំអ្នកបំផ្លាញម្នាក់មកលើម្តាយរបស់ពួកកំឡោះៗទាំងថ្ងៃត្រង់ អញបានបណ្តាលឲ្យមានសេចក្តីទុក្ខព្រួយ និងសេចក្តីស្ញែងខ្លាចលោមកលើគេភ្លាម
9. ស្ត្រីណាដែលបានបង្កើតកូន៧នាក់ក៏ល្វើយទៅ រួចប្លុងវិញ្ញាណចេញ ពន្លឺរបស់នាងបានលិចទៅ ក្នុងកាលដែលនៅថ្ងៃនៅឡើយ នាងបានត្រូវអៀនខ្មាស ហើយជ្រប់មុខទៅ ឯពួកដែលសល់នៅ នោះអញនឹងប្រគល់ដល់ដាវនៅមុខពួកខ្មាំងសត្រូវរបស់គេ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
10. ម៉ែអើយ វរហើយខ្ញុំ ដ្បិតម៉ែបានបង្កើតខ្ញុំមកជាមនុស្សទទឹងទាស់ ហើយជជែកបន្ទោសដល់លោកីយ៍ទាំងមូល ខ្ញុំមិនបានឲ្យអ្នកណាខ្ចី ក៏មិនបានខ្ចីពីគេផងដែរ ប៉ុន្តែគេប្រទេចផ្តាសាខ្ញុំគ្រប់គ្នា
11. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា ពិតប្រាកដជាអញនឹងចំរើនកំឡាំងឯង ឲ្យបានសេចក្តីល្អទៅមុខ ពិតប្រាកដជាអញនឹងបណ្តាលឲ្យពួកខ្មាំងសត្រូវមកអង្វរដល់ឯងក្នុងគ្រាអាក្រក់ ហើយក្នុងគ្រាវេទនា។
12. តើដែកអាចនឹងបំបាក់បំបែកដែកពីស្រុកខាងជើង ហើយនឹងលង្ហិនបានឬទេ
13. ឯធនធាន និងទ្រព្យសម្បត្តិរបស់ឯង អញនឹងឲ្យដល់គេទុកជារបឹបដោយឥតថ្លៃ គឺដោយព្រោះអស់ទាំងអំពើបាបរបស់ឯង នៅគ្រប់ទាំងព្រំដែនរបស់ឯង