5. អើទាំងក្តាន់ញីនៅវាលក៏ទំលាក់កូន រួចចោលចេញ ព្រោះគ្មានស្មៅ
6. លាព្រៃក៏ឈរនៅលើទីត្រងិល វាដង្ហាក់ដូចជាចចក ភ្នែកវាស្រវាំងទៅ ដោយព្រោះគ្មានស្មៅសោះ។
7. ឱព្រះយេហូវ៉ាអើយ ទោះបើអំពើទុច្ចរិតរបស់យើងខ្ញុំធ្វើបន្ទាល់ទាស់នឹងយើងខ្ញុំក៏ដោយ តែសូមទ្រង់ប្រោសមេត្តា ដោយយល់ដល់ព្រះនាមទ្រង់ ដ្បិតការរាថយរបស់យើងខ្ញុំ នោះច្រើនណាស់ យើងខ្ញុំបានធ្វើបាបនឹងទ្រង់
8. ឱទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះគេ ក្នុងគ្រាលំបាកអើយ ហេតុអ្វីបានជាទ្រង់ត្រូវដូចជាអ្នកដទៃនៅក្នុងស្រុក ហើយដូចជាអ្នកដើរដំណើរ ដែលឈប់សំណាក់តែ១យប់ដូច្នេះ
9. ហេតុអ្វីបានជាទ្រង់ត្រូវដូចជាមនុស្សស្រឡាំងកាំង គឺដូចជាមនុស្សខ្លាំងពូកែដែលពុំអាចនឹងជួយសង្គ្រោះបានឡើយផង ប៉ុន្តែ ឱព្រះយេហូវ៉ាអើយទ្រង់គង់កណ្តាលយើងខ្ញុំរាល់គ្នា ហើយយើងខ្ញុំក៏បានហៅតាមព្រះនាមទ្រង់ដែរ សូមកុំលះចោលយើងខ្ញុំឡើយ។
10. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីជនជាតិនេះដូច្នេះថា គេចូលចិត្តដើរសាត់ព្រាត់ គេមិនបានឃាត់ជើងគេឡើយ ហេតុនោះព្រះយេហូវ៉ា ទ្រង់ក៏មិនព្រមទទួលគេដែរ ក្នុងពេលឥឡូវនេះ ទ្រង់កំពុងតែនឹកចាំ ពីអំពើទុច្ចរិតរបស់គេ ហើយនឹងធ្វើទោសដល់គេជាពិត
11. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា កុំឲ្យអធិស្ឋានសូមសេចក្តីល្អឲ្យជនជាតិនេះឡើយ
12. កាលណាគេតមអត់ នោះអញមិនព្រមស្តាប់សំរែករបស់គេទេ កាលណាគេថ្វាយដង្វាយដុត និងដង្វាយម្សៅ នោះអញមិនព្រមទទួលឡើយ គឺនឹងធ្វើឲ្យគេសូន្យទៅដោយដាវ អំណត់អត់ និងអាសន្នរោគវិញ។
13. នោះខ្ញុំទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ មើលពួកហោរាតែងតែប្រាប់គេថា ឯងរាល់គ្នានឹងមិនឃើញដាវទេ ក៏មិនត្រូវសេចក្តីអំណត់អត់ដែរ គឺអញនឹងឲ្យឯងរាល់គ្នាមានសេចក្តីសុខនៅទីនេះជាពិត
14. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ពួកហោរាគេទាយកុហកដោយនូវឈ្មោះអញទេ អញមិនបានចាត់ប្រើគេឡើយ ក៏មិនបានបង្គាប់គេ ឬនិយាយនឹងគេដែរ គេទាយប្រាប់ឯងរាល់គ្នាពីការជាក់ស្តែងដែលមិនពិត ជាទំនាយតាមរបៀន គឺជាសេចក្តីឥតប្រយោជន៍ទទេ ហើយជាសេចក្តីបញ្ឆោតនៃចិត្តខ្លួនគេវិញ
15. ដូច្នេះ ឯពួកហោរាដែលទាយដោយនូវឈ្មោះអញ ឥតមានអញចាត់ប្រើឡើយ ជាអ្នកដែលថាដាវ និងសេចក្តីអំណត់អត់នឹងមិនមកក្នុងស្រុកនេះទេ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីពួកហោរានោះថា គេនឹងត្រូវវិនាសអស់ទៅ ដោយសារដាវ និងសេចក្តីអំណត់នោះឯង
16. ហើយពួកជនដែលគេបានទាយប្រាប់នោះ នឹងត្រូវបោះចោលទៅក្នុងផ្លូវនៃក្រុងយេរូសាឡិម ដោយព្រោះសេចក្តីអំណត់ហើយនឹងដាវដែរ ឥតមានអ្នកណានឹងកប់ខ្មោចគេឡើយ គឺទាំងខ្លួនគេ ប្រពន្ធគេ និងកូនប្រុសកូនស្រីគេផង ពីព្រោះអញនឹងចាក់អំពើលាមកអាក្រក់របស់គេទៅលើគេវិញ
17. ឯងត្រូវប្រាប់ពាក្យនេះដល់គេថា សូមឲ្យខ្ញុំហូរទឹកភ្នែកសស្រាក់ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ ពីព្រោះកូនក្រមុំរបស់សាសន៍ខ្ញុំបានត្រូវខ្ទេចខ្ទី ជាការបាក់បែកយ៉ាងធំ ដោយរបួសជាទំងន់