1. នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់យេរេមា ពីដំណើរគ្រារាំងភ្លៀង
2. ពួកយូដាគេសោយសោក ហើយទ្វារក្រុងក៏ថយកំឡាំងចុះ គេអង្គុយនៅដីដោយចិត្តព្រួយ ហើយសំរែកនៃក្រុងយេរូសាឡិមក៏ឮឡើង
3. ពួកអ្នកធំរបស់គេចាត់អ្នកបំរើឲ្យទៅរកទឹក គេក៏ទៅដល់ស្រះទាំងប៉ុន្មាន តែរកទឹកគ្មានសោះ គេត្រឡប់ទៅវិញដោយក្អមទទេ គេត្រូវខ្មាស ហើយជ្រប់មុខ ក៏គ្រលុំក្បាល
4. ពីព្រោះដីបែកក្រហែង ដោយគ្មានភ្លៀងធ្លាក់មកលើស្រុកសោះ ពួកអ្នកភ្ជួររាស់ក៏ខ្មាស គេគ្រលុំក្បាលដែរ
5. អើទាំងក្តាន់ញីនៅវាលក៏ទំលាក់កូន រួចចោលចេញ ព្រោះគ្មានស្មៅ
6. លាព្រៃក៏ឈរនៅលើទីត្រងិល វាដង្ហាក់ដូចជាចចក ភ្នែកវាស្រវាំងទៅ ដោយព្រោះគ្មានស្មៅសោះ។
7. ឱព្រះយេហូវ៉ាអើយ ទោះបើអំពើទុច្ចរិតរបស់យើងខ្ញុំធ្វើបន្ទាល់ទាស់នឹងយើងខ្ញុំក៏ដោយ តែសូមទ្រង់ប្រោសមេត្តា ដោយយល់ដល់ព្រះនាមទ្រង់ ដ្បិតការរាថយរបស់យើងខ្ញុំ នោះច្រើនណាស់ យើងខ្ញុំបានធ្វើបាបនឹងទ្រង់
8. ឱទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះគេ ក្នុងគ្រាលំបាកអើយ ហេតុអ្វីបានជាទ្រង់ត្រូវដូចជាអ្នកដទៃនៅក្នុងស្រុក ហើយដូចជាអ្នកដើរដំណើរ ដែលឈប់សំណាក់តែ១យប់ដូច្នេះ
9. ហេតុអ្វីបានជាទ្រង់ត្រូវដូចជាមនុស្សស្រឡាំងកាំង គឺដូចជាមនុស្សខ្លាំងពូកែដែលពុំអាចនឹងជួយសង្គ្រោះបានឡើយផង ប៉ុន្តែ ឱព្រះយេហូវ៉ាអើយទ្រង់គង់កណ្តាលយើងខ្ញុំរាល់គ្នា ហើយយើងខ្ញុំក៏បានហៅតាមព្រះនាមទ្រង់ដែរ សូមកុំលះចោលយើងខ្ញុំឡើយ។
10. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីជនជាតិនេះដូច្នេះថា គេចូលចិត្តដើរសាត់ព្រាត់ គេមិនបានឃាត់ជើងគេឡើយ ហេតុនោះព្រះយេហូវ៉ា ទ្រង់ក៏មិនព្រមទទួលគេដែរ ក្នុងពេលឥឡូវនេះ ទ្រង់កំពុងតែនឹកចាំ ពីអំពើទុច្ចរិតរបស់គេ ហើយនឹងធ្វើទោសដល់គេជាពិត
11. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា កុំឲ្យអធិស្ឋានសូមសេចក្តីល្អឲ្យជនជាតិនេះឡើយ
12. កាលណាគេតមអត់ នោះអញមិនព្រមស្តាប់សំរែករបស់គេទេ កាលណាគេថ្វាយដង្វាយដុត និងដង្វាយម្សៅ នោះអញមិនព្រមទទួលឡើយ គឺនឹងធ្វើឲ្យគេសូន្យទៅដោយដាវ អំណត់អត់ និងអាសន្នរោគវិញ។