2. ដូច្នេះ ខ្ញុំក៏ទិញសំពត់១មកក្រវាត់នៅចង្កេះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា
3. រួចព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំម្តងទៀតថា
4. ចូរយកសំពត់ក្រវាត់ដែលបានទិញនោះ ដែលនៅចង្កេះឯង ហើយក្រោកឡើងទៅឯទន្លេអ៊ើប្រាត លាក់ទុកនៅក្នុងក្រហែងថ្មនៅទីនោះទៅ
5. ដូច្នេះ ខ្ញុំក៏ទៅលាក់សំពត់នោះនៅក្បែរទន្លេអ៊ើប្រាត ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
6. ក្រោយមកជាយូរថ្ងៃ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរក្រោកឡើងទៅឯទន្លេអ៊ើប្រាត យកសំពត់ក្រវាត់ ដែលអញបានបង្គាប់ ឲ្យលាក់ទុកនៅទីនោះមកវិញ
7. ខ្ញុំក៏ទៅដល់ទន្លេអ៊ើប្រាត ជីកយកសំពត់ក្រវាត់ ពីកន្លែងដែលខ្ញុំបានលាក់ទុកនោះ ហើយមើល សំពត់នោះខូចហើយ គ្មានប្រយោជន៍ទៀតសោះ។
8. គ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
9. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ គឺបែបយ៉ាងនេះដែលអញនឹងបង្ខូចសេចក្តីអំនួតរបស់ពួកយូដា និងសេចក្តីអំនួតយ៉ាងធំរបស់ក្រុងយេរូសាឡិមដែរ
10. ឯជនជាតិអាក្រក់នេះដែលមិនព្រមស្តាប់តាមពាក្យអញ ជាពួកអ្នកដែលដើរតាមតែសេចក្តីរឹងចចេស នៅក្នុងចិត្តរបស់ខ្លួនគេ នឹងទៅតាមព្រះដទៃ ដើម្បីនឹងគោរព ហើយថ្វាយបង្គំដល់វា គេនឹងបានដូចជាសំពត់ក្រវាត់នេះ ដែលឥតមានប្រយោជន៍អ្វីទៀត
11. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា សំពត់ក្រវាត់ជាប់នៅនឹងចង្កេះមនុស្សយ៉ាងណា នោះអញក៏បានឲ្យពួកវង្សអ៊ីស្រាអែលទាំងមូល និងពួកវង្សយូដាទាំងអស់នៅជាប់នឹងអញយ៉ាងនោះដែរ ដើម្បីឲ្យគេបានជារាស្ត្រសំរាប់អញ ហើយជាកេរ្តិ៍ឈ្មោះ ជាសេចក្តីសរសើរ និងជាសិរីល្អផង តែគេមិនព្រមស្តាប់សោះ។