13. រួចឯងត្រូវប្រាប់ដល់គេថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងធ្វើឲ្យមនុស្សនៅស្រុកនេះទាំងអស់ ទាំងពួកស្តេចដែលគង់លើបល្ល័ង្ករបស់ដាវីឌ និងពួកសង្ឃ ពួកហោរា ហើយអស់អ្នកដែលនៅក្រុងយេរូសាឡិមផង បានស្រវឹងពេញទី
14. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងបោកគេម្នាក់ផ្ទប់នឹងម្នាក់ទៀត គឺឪពុកផ្ទប់នឹងកូនផង អញមិនព្រមប្រណី ឬសំចៃ ឬមេត្តា ដើម្បីមិនឲ្យបំផ្លាញគេឡើយ។
15. ចូរស្តាប់ ហើយផ្ទៀងត្រចៀកចុះ កុំឲ្យតាំងចិត្តឆ្មើងឆ្មៃឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលហើយ
16. ចូរសរសើរដំកើងដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ក្រែងទ្រង់ធ្វើឲ្យងងឹត ហើយអ្នករាល់គ្នាចំពប់ជើងនៅលើភ្នំងងឹត ហើយកំពុងដែលអ្នករាល់គ្នាសង្ឃឹមនឹងបានពន្លឺ នោះទ្រង់នឹងបំប្រែឲ្យទៅជាម្លប់នៃសេចក្តីស្លាប់ និងជាងងឹតយ៉ាងក្រាស់វិញ
17. តែបើអ្នករាល់មិនព្រមស្តាប់ទេ នោះព្រលឹងខ្ញុំនឹងយំសោកក្នុងទីសំងាត់ ដោយព្រោះសេចក្តីអំនួតរបស់អ្នករាល់គ្នា ហើយភ្នែកខ្ញុំនឹងយំសស្រាក់ ពីព្រោះហ្វូងចៀមរបស់ព្រះយេហូវ៉ាបានត្រូវគេចាប់ដឹកទៅជាឈ្លើយហើយ។
18. ចូរទូលដល់មហាក្សត្រ និងអគ្គមហេសីថា សូមឲ្យគង់ចុះនៅទីទាបវិញ ដ្បិតក្បាំងព្រះសិរ គឺជាមកុដនៃសិរីល្អរបស់ទ្រង់បានធ្លាក់ចុះហើយ
19. អស់ទាំងទីក្រុងនៅស្រុកត្បូងនឹងបិទជិតហើយ ឥតមានអ្នកណានឹងបើកវិញបានឡើយ ពួកយូដាទាំងអស់បានត្រូវដឹកទៅជាឈ្លើយ អើ គេត្រូវដឹកនាំទៅជាឈ្លើយទាំងអស់គ្នាហើយ។
20. ចូរងើបភ្នែកឡើង ហើយមើលពួកអ្នកដែលមកពីទិសខាងជើង ឯហ្វូងចៀមដែលបានប្រគល់ដល់ឯង គឺជាហ្វូងដ៏ល្អរបស់ឯង នោះតើនៅឯណា
21. តើឯងនឹងថាដូចម្តេច ក្នុងកាលដែលទ្រង់តាំងពួកមិត្រសំឡាញ់របស់ឯងឡើង ឲ្យគ្រប់គ្រងលើឯង ដ្បិតគឺខ្លួនឯងហើយ ដែលបានបង្ហាត់បង្រៀនគេឲ្យធ្វើដូច្នេះ នោះតើសេចក្តីទុក្ខព្រួយដូចជាស្ត្រី ដែលឈឺចាប់នឹងសំរាលកូន មិនចាប់ឯងទេឬ
22. ហើយបើឯងនឹកសួរក្នុងចិត្តថា ហេតុអ្វីបានជាការទាំងនេះកើតដល់អញដូច្នេះ នោះគឺដោយព្រោះអំពើទុច្ចរិតដ៏បរិបូររបស់ឯងទេ បានជាសំពត់របស់ឯងត្រូវបើកសើយឡើង ហើយឯងត្រូវនៅកែងជើងទទេផង
23. តើសាសន៍អេធីយ៉ូពីនឹងបំផ្លាស់បំប្រែសម្បុរស្បែករបស់ខ្លួនបានឬទេ ឬខ្លារខិននឹងផ្លាស់សម្បុរពព្លាក់របស់វាទៅបានដែរ បើបាន នោះឯងរាល់គ្នាដែលធ្លាប់ប្រព្រឹត្តអាក្រក់ នឹងអាចប្រព្រឹត្តល្អវិញក៏បានដែរ
24. ដូច្នេះ អញនឹងកំចាត់កំចាយឯងដូចជាចំបើងដែលរសាត់ទៅបាត់ ដោយខ្យល់ពីទីរហោស្ថាន
25. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នេះហើយជាចំណែករបស់ឯងរាល់គ្នា ជាចំណែកដែលអញវាល់ឲ្យឯងដោយព្រោះឯងបានភ្លេចអញ ហើយទុកចិត្តនឹងសេចក្តីកំភូតវិញ