14. ដូច្នេះ កុំឲ្យអធិស្ឋានឲ្យជនជាតិនេះឡើយ ក៏កុំឲ្យឡើងសំឡេងអំពាវនាវ ឬអង្វរឲ្យគេដែរ ដ្បិតនៅគ្រាដែលគេអំពាវនាវដល់អញ ដោយកើតមានសេចក្តីវេទនា នោះអញមិនព្រមស្តាប់គេទេ។
15. តើស្ងួនសំឡាញ់របស់អញមានការអ្វីនៅក្នុងផ្ទះអញទៀត ដ្បិតនាងបានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ ជាមួយនឹងមនុស្សជាច្រើនទៅហើយ ឯសាច់ដែលបានញែកជាបរិសុទ្ធ នោះនឹងបាត់ពីមុខឯងទៅកាលណាឯងប្រព្រឹត្តអំពើអាក្រក់ នោះឯងមានចិត្តរីករាយ
16. ព្រះយេហូវ៉ាទ្រង់បានដាក់ឈ្មោះឲ្យឯងថា ដើមអូលីវខ្ចីជាដើមល្អមើល មានផ្លែដ៏ល្អ តែទ្រង់បានបង្កាត់ភ្លើងបញ្ឆេះអស់ទៅ ដោយសូរគ្រុំគ្រាំយ៉ាងខ្លាំង ហើយមែកវាត្រូវបាក់អស់
17. ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារដែលបានដាំឯង ទ្រង់បានប្រកាសសេចក្តីអាក្រក់ទាស់នឹងឯងដោយព្រោះអំពើអាក្រក់របស់ពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដា ជាការដែលគេបានប្រព្រឹត្តដល់ខ្លួនគេ ដោយបណ្តាលឲ្យអញខឹង ព្រោះការដែលដុតកំញានថ្វាយដល់ព្រះបាល។
18. ព្រះយេហូវ៉ា ទ្រង់បានសំដែង ឲ្យខ្ញុំដឹងពីការនេះ ទ្រង់បានបង្ហាញឲ្យខ្ញុំឃើញកិរិយារបស់គេ
19. ឯខ្ញុំបានដូចជាកូនចៀមស្លូត ដែលគេនាំទៅឯទីសំឡាប់ ខ្ញុំមិនបានដឹងជាគេគិតឧបាយទាស់នឹងខ្ញុំសោះ គេថា ចូរយើងបំផ្លាញទាំងដើម និងផលផង ចូរយើងកាត់វាចេញពីស្ថានរបស់មនុស្សរស់ទៅ ដើម្បីមិនឲ្យអ្នកណានឹកចាំពីឈ្មោះវាទៀតឡើយ
20. តែ ឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដែលជំនុំជំរះដោយសុចរិត ហើយក៏ល្បងលចិត្តនឹងគំនិតអើយ ទូលបង្គំនឹងឃើញទ្រង់សងសឹកដល់គេជាមិនខាន ដ្បិតទូលបង្គំបានសំដែងដើមហេតុរបស់ទូលបង្គំ ថ្វាយទ្រង់ជ្រាបហើយ
21. ហេតុនោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរពួកមនុស្ស នៅក្រុងអាន៉ាថោត ដែលរកជីវិតខ្ញុំដោយពោលថា មិនត្រូវឲ្យឯងទាយដោយនូវព្រះនាមព្រះយេហូវ៉ាទៀតឡើយ ក្រែងឯងស្លាប់ដោយដៃរបស់យើង
22. គឺហេតុនោះបានជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងធ្វើទោសគេ ពួកកំឡោះៗនឹងស្លាប់ដោយដាវ ពួកកូនប្រុសកូនស្រីរបស់គេនឹងស្លាប់ដោយអំណត់អត់
23. ហើយនឹងគ្មានសំណល់សល់ដល់គេឡើយ ដ្បិតនៅឆ្នាំដែលអញនឹងធ្វើទោសដល់ពួកក្រុងអាន៉ាថោត នោះអញនឹងនាំសេចក្តីអាក្រក់មកលើគេជាពិត។