6. នោះខ្ញុំបានទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ទូលបង្គំគ្មានវោហារអធិប្បាយទេ ដ្បិតទូលបង្គំជាមនុស្សក្មេងសុទ្ធ
7. តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា កុំឲ្យថាឯងជាមនុស្សក្មេងឡើយ ដ្បិតបើអញចាត់ឯងឲ្យទៅឯអ្នកណា នោះឯងត្រូវតែទៅ ហើយសេចក្តីអ្វីដែលអញបង្គាប់ឯង នោះឯងត្រូវតែប្រាប់ដែរ
8. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា កុំឲ្យខ្លាចចំពោះគេឡើយ ដ្បិតអញនៅជាមួយ ដើម្បីនឹងជួយឲ្យឯងរួច
9. នោះព្រះយេហូវ៉ាទ្រង់លូកព្រះហស្តមកពាល់មាត់ខ្ញុំ ហើយមានព្រះបន្ទូលថា មើល អញបានដាក់ពាក្យរបស់អញនៅក្នុងមាត់ឯងហើយ
10. មើល នៅថ្ងៃនេះ អញតាំងឯងលើអស់ទាំងសាសន៍ និងលើនគរទាំងប៉ុន្មាន ដើម្បីឲ្យបានដករំលើង រុះទំលាក់ ហើយបំផ្លាញរំលំចុះ ព្រមទាំងសង់ឡើងវិញ ហើយដាំទៀតផង។
11. មួយទៀត ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំ សួរថា យេរេមាអើយ តើឯងឃើញអ្វីនុ៎ះ នោះខ្ញុំទូលតបថា ទូលបង្គំឃើញដំបងឈើចំបក់១
12. រួចព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា ឯងបានឃើញត្រូវហើយ ពីព្រោះអញព្យាយាមនឹងធ្វើសំរេចតាមពាក្យរបស់អញ។
13. ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ខ្ញុំម្តងទៀត សួរថា តើឯងឃើញអ្វីនុ៎ះ ខ្ញុំក៏ទូលតបថា ទូលបង្គំឃើញថ្លាងទឹកកំពុងតែពុះ ដែលមានមាត់ផ្អៀងមកពីទិសខាងជើង
14. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា នឹងកើតមានការអាក្រក់ ផុលចេញពីទិសខាងជើង មកលើពួកអ្នកស្រុកទាំងអស់
15. ដ្បិតមើល អញនឹងហៅគ្រប់ទាំងគ្រួសារនៃនគរទាំងប៉ុន្មាននៅខាងជើង ហើយគេនឹងមកតាំងបល្ល័ង្ករបស់គេរៀងខ្លួន នៅត្រង់មាត់ទ្វារក្រុងយេរូសាឡិម ទល់នឹងកំផែងទីក្រុងព័ទ្ធជុំវិញ ហើយទល់នឹងទីក្រុងរបស់ស្រុកយូដាទាំងអស់ផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
16. នោះអញនឹងធ្វើទោសដល់ទីក្រុងទាំងនោះ ដោយព្រោះសេចក្តីទុច្ចរិតរបស់គេទាំងប៉ុន្មាន គឺដែលគេបានបោះបង់ចោលអញ ហើយបានដុតកំញានថ្វាយដល់ព្រះដទៃ ព្រមទាំងថ្វាយបង្គំចំពោះរបស់ដែលដៃខ្លួនគេបានធ្វើផង