យេរេមា 1:10-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. មើល នៅ​ថ្ងៃ​នេះ អញ​តាំង​ឯង​លើ​អស់​ទាំង​សាសន៍ និង​លើ​នគរ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​បាន​ដក​រំលើង រុះ​ទំលាក់ ហើយ​បំផ្លាញ​រំលំ​ចុះ ព្រម​ទាំង​សង់​ឡើង​វិញ ហើយ​ដាំ​ទៀត​ផង។

11. មួយ​ទៀត ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ សួរ​ថា យេរេមា​អើយ តើ​ឯង​ឃើញ​អ្វី​នុ៎ះ នោះ​ខ្ញុំ​ទូល​តប​ថា ទូល‌បង្គំ​ឃើញ​ដំបង​ឈើ​ចំបក់​១

12. រួច​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ឯង​បាន​ឃើញ​ត្រូវ​ហើយ ពី​ព្រោះ​អញ​ព្យាយាម​នឹង​ធ្វើ​សំរេច​តាម​ពាក្យ​របស់​អញ។

13. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ម្តង​ទៀត សួរ​ថា តើ​ឯង​ឃើញ​អ្វី​នុ៎ះ ខ្ញុំ​ក៏​ទូល​តប​ថា ទូល‌បង្គំ​ឃើញ​ថ្លាង​ទឹក​កំពុង​តែ​ពុះ ដែល​មាន​មាត់​ផ្អៀង​មក​ពី​ទិស​ខាង​ជើង

14. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា នឹង​កើត​មាន​ការ​អាក្រក់ ផុល​ចេញ​ពី​ទិស​ខាង​ជើង មក​លើ​ពួក​អ្នក​ស្រុក​ទាំង​អស់

15. ដ្បិត​មើល អញ​នឹង​ហៅ​គ្រប់​ទាំង​គ្រួសារ​នៃ​នគរ​ទាំង​ប៉ុន្មាន​នៅ​ខាង​ជើង ហើយ​គេ​នឹង​មក​តាំង​បល្ល័ង្ក​របស់​គេ​រៀង​ខ្លួន នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​យេរូ‌សាឡិម ទល់​នឹង​កំផែង​ទី​ក្រុង​ព័ទ្ធ​ជុំវិញ ហើយ​ទល់​នឹង​ទី​ក្រុង​របស់​ស្រុក​យូដា​ទាំង​អស់​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

16. នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​ទី​ក្រុង​ទាំង​នោះ ដោយ​ព្រោះ​សេចក្តី​ទុច្ចរិត​របស់​គេ​ទាំង​ប៉ុន្មាន គឺ​ដែល​គេ​បាន​បោះ‌បង់​ចោល​អញ ហើយ​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ ព្រម​ទាំង​ថ្វាយ‌បង្គំ​ចំពោះ​របស់​ដែល​ដៃ​ខ្លួន​គេ​បាន​ធ្វើ​ផង

17. ដូច្នេះ ចូរ​ឲ្យ​ឯង​ក្រវាត់​ចង្កេះ ហើយ​ក្រោក​ឡើង​ទៅ​ប្រាប់​ដល់​គេ តាម​គ្រប់​ទាំង​សេចក្តី​ដែល​អញ​បង្គាប់​ឯង​ចុះ កុំ​ឲ្យ​ស្រយុត​ចិត្ត​ចំពោះ​គេ​ឡើយ ក្រែង​អញ​ធ្វើ​ឲ្យ​ឯង​ស្រយុត​ចិត្ត​នៅ​មុខ​គេ​ជា​ពិត

18. ដ្បិត​មើល នៅ​ថ្ងៃ​នេះ​អញ​បាន​តាំង​ឯង​ឡើង ទុក​ជា​ទី​ក្រុង​ត្រៀម​ដោយ​គ្រឿង​ចំបាំង ជា​សសរ​ដែក ហើយ​ជា​កំផែង​លង្ហិន សំរាប់​ត​នឹង​ស្រុក​ទាំង​មូល និង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​សាសន៍​យូដា ព្រម​ទាំង​ត​នឹង​ពួក​ចៅ‌ហ្វាយ និង​ពួក​សង្ឃ ហើយ​នឹង​បណ្តា‌ជន​ទាំង‌ឡាយ​នៅ​ស្រុក​នេះ​ផង

19. គេ​នឹង​ត​នឹង​ឯង​តែ​មិន​ឈ្នះ​ឯង​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​ឯង​ឲ្យ​រួច នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេវ៉ា។

យេរេមា 1