1. នេះជាពាក្យរបស់យេរេមា ជាកូនហ៊ីលគីយ៉ា គឺជាម្នាក់ក្នុងពួកសង្ឃ ដែលនៅក្រុងអាន៉ាថោត ក្នុងស្រុកបេនយ៉ាមីន
2. ជាអ្នកដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្លួន នៅក្នុងឆ្នាំទី១៣នៃរាជ្យយ៉ូសៀស ជាបុត្រអាំម៉ូន ស្តេចស្រុកយូដា
3. ក៏មានមកដល់ នៅក្នុងរាជ្យយ៉ូយ៉ាគីម ជាបុត្រយ៉ូសៀស ជាស្តេចស្រុកយូដា ដរាបដល់ផុតឆ្នាំទី១១ ក្នុងរាជ្យសេដេគា ជាបុត្រយ៉ូសៀស ដែលជាស្តេចស្រុកយូដា គឺដល់ខែស្រាពណ៍ ជាគ្រាដែលពួកក្រុងយេរូសាឡិម ត្រូវចាប់ដឹកនាំទៅជាឈ្លើយនោះឯង។
4. រីឯព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
5. មុនដែលអញបានជបបង្កើតឯងនៅក្នុងពោះម្តាយ នោះអញស្គាល់ឯងហើយ កាលមុនដែលឯងសំរាលចេញពីផ្ទៃមក នោះអញបានញែកឯងជាបរិសុទ្ធផង ក៏បានតាំងឯងឡើងជាហោរា ដល់អស់ទាំងសាសន៍
6. នោះខ្ញុំបានទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ទូលបង្គំគ្មានវោហារអធិប្បាយទេ ដ្បិតទូលបង្គំជាមនុស្សក្មេងសុទ្ធ
7. តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា កុំឲ្យថាឯងជាមនុស្សក្មេងឡើយ ដ្បិតបើអញចាត់ឯងឲ្យទៅឯអ្នកណា នោះឯងត្រូវតែទៅ ហើយសេចក្តីអ្វីដែលអញបង្គាប់ឯង នោះឯងត្រូវតែប្រាប់ដែរ
8. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា កុំឲ្យខ្លាចចំពោះគេឡើយ ដ្បិតអញនៅជាមួយ ដើម្បីនឹងជួយឲ្យឯងរួច
9. នោះព្រះយេហូវ៉ាទ្រង់លូកព្រះហស្តមកពាល់មាត់ខ្ញុំ ហើយមានព្រះបន្ទូលថា មើល អញបានដាក់ពាក្យរបស់អញនៅក្នុងមាត់ឯងហើយ
10. មើល នៅថ្ងៃនេះ អញតាំងឯងលើអស់ទាំងសាសន៍ និងលើនគរទាំងប៉ុន្មាន ដើម្បីឲ្យបានដករំលើង រុះទំលាក់ ហើយបំផ្លាញរំលំចុះ ព្រមទាំងសង់ឡើងវិញ ហើយដាំទៀតផង។
11. មួយទៀត ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំ សួរថា យេរេមាអើយ តើឯងឃើញអ្វីនុ៎ះ នោះខ្ញុំទូលតបថា ទូលបង្គំឃើញដំបងឈើចំបក់១
12. រួចព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា ឯងបានឃើញត្រូវហើយ ពីព្រោះអញព្យាយាមនឹងធ្វើសំរេចតាមពាក្យរបស់អញ។