7. ឯងរាល់គ្នាបានបោះបង់ចោលសេចក្តីបញ្ញត្តរបស់អញ ចាប់តាំងពីគ្រាពួកអយ្យកោរៀងមក ឥតកាន់តាមឡើយ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បង្គាប់ថា ចូរវិលមកឯអញវិញចុះ នោះអញនឹងត្រឡប់មកឯឯងដែរ តែឯងរាល់គ្នាថា តើយើងនឹងវិលទៅយ៉ាងដូចម្តេច
8. ចុះតើមនុស្សនឹងកោងយករបស់ព្រះឬ ប៉ុន្តែឯងរាល់គ្នាបានកោងយករបស់អញហើយ រួចបែរជាសួរថា តើយើងបានកោងយករបស់ទ្រង់ឯណា គឺក្នុងដង្វាយ១ភាគក្នុង១០ ហើយក្នុងដង្វាយលើកចុះឡើងនោះឯង
9. ឯងរាល់គ្នា គឺមនុស្សនៅនគរនេះទាំងមូល ត្រូវបណ្តាសាហើយ ដោយព្រោះតែងតែកោងយករបស់អញយ៉ាងដូច្នេះ
10. ចូរនាំយកដង្វាយ១ភាគក្នុង១០ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់នៃអញ ហើយល្បងលអញឥឡូវ បើអញមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើឯង ដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
11. ដូច្នេះ ដោយយល់ដល់ឯងរាល់គ្នា នោះអញនឹងបន្ទោសដល់សត្វដែលស៊ីបង្ខូច មិនឲ្យវាបំផ្លាញផលដែលកើតពីដីឯងឡើយ ឯដើមទំពាំងបាយជូរនៅចំការរបស់ឯង ក៏មិនជំរុះផ្លែពីកាលនៅក្តឹបដែរ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
12. យ៉ាងនោះគ្រប់ទាំងសាសន៍នឹងថា ឯងរាល់គ្នាមានពរ ដ្បិតស្រុករបស់ឯងរាល់គ្នា នឹងបានជាស្រុកសប្បាយណាស់ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
13. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ពាក្យសំដីរបស់ឯងរាល់គ្នា បានទាស់នឹងអញជាខ្លាំង ទោះបើយ៉ាងនោះក៏ឯងរាល់គ្នាថា យើងបាននិយាយអ្វីទាស់នឹងទ្រង់
14. គឺឯងរាល់គ្នាពោលថា ការដែលខំគោរពតាមព្រះ នោះឥតអំពើទេ ហើយដែលយើងបានរក្សាបញ្ញើរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងដើរនៅចំពោះទ្រង់ដោយកាន់ទុក្ខដូច្នេះ តើមានប្រយោជន៍អ្វី
15. ឥឡូវនេះ យើងរាប់មនុស្សឆ្មើងឆ្មៃ ទុកជាសប្បាយហើយ អើ ពួកអ្នកដែលប្រព្រឹត្តការអាក្រក់បានតាំងឡើង អើ គេល្បងលព្រះ ហើយក៏រួចផង។
16. គ្រានោះ ពួកអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាក៏និយាយគ្នាទៅវិញទៅមក ហើយព្រះយេហូវ៉ាទ្រង់ប្រុងស្តាប់ ក៏បានឮ រួចមានសៀវភៅរំឭកបានកត់ទុក នៅចំពោះព្រះយេហូវ៉ា សំរាប់ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ និងពួកអ្នកដែលនឹកដល់ព្រះនាមទ្រង់
17. ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា នៅថ្ងៃដែលអញធ្វើការនេះ នោះគេនឹងបានជារបស់ផងអញ គឺជារបស់ផងអញពិត ហើយអញនឹងប្រណីដល់គេ ដូចជាមនុស្សប្រណីដល់កូនខ្លួនដែរ គឺជាកូនដែលគោរពដល់ខ្លួនពិត