5. ហើយអញនឹងមកជិតឯងរាល់គ្នា ដើម្បីនឹងសំរេចតាមសេចក្តីយុត្តិធម៌ អញនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ទាស់នឹងពួកកំផិត ទាស់នឹងពួកអ្នកដែលស្បថបំពាន ទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួល ព្រមទាំងសង្កត់សង្កិនស្រីមេម៉ាយ និងមនុស្សកំព្រាផង ហើយដែលបង្វែរសេចក្តីយុត្តិធម៌ ចេញពីពួកអ្នកដែលស្នាក់នៅ ឥតកោតខ្លាចដល់អញដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
6. ដ្បិតអញ គឺយេហូវ៉ា អញមិនប្រែប្រួលឡើយ ហេតុនោះ ឱពួកកូនចៅយ៉ាកុបអើយ ឯងរាល់គ្នាមិនបានត្រូវវិនាសទេ។
7. ឯងរាល់គ្នាបានបោះបង់ចោលសេចក្តីបញ្ញត្តរបស់អញ ចាប់តាំងពីគ្រាពួកអយ្យកោរៀងមក ឥតកាន់តាមឡើយ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បង្គាប់ថា ចូរវិលមកឯអញវិញចុះ នោះអញនឹងត្រឡប់មកឯឯងដែរ តែឯងរាល់គ្នាថា តើយើងនឹងវិលទៅយ៉ាងដូចម្តេច
8. ចុះតើមនុស្សនឹងកោងយករបស់ព្រះឬ ប៉ុន្តែឯងរាល់គ្នាបានកោងយករបស់អញហើយ រួចបែរជាសួរថា តើយើងបានកោងយករបស់ទ្រង់ឯណា គឺក្នុងដង្វាយ១ភាគក្នុង១០ ហើយក្នុងដង្វាយលើកចុះឡើងនោះឯង
9. ឯងរាល់គ្នា គឺមនុស្សនៅនគរនេះទាំងមូល ត្រូវបណ្តាសាហើយ ដោយព្រោះតែងតែកោងយករបស់អញយ៉ាងដូច្នេះ
10. ចូរនាំយកដង្វាយ១ភាគក្នុង១០ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់នៃអញ ហើយល្បងលអញឥឡូវ បើអញមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើឯង ដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
11. ដូច្នេះ ដោយយល់ដល់ឯងរាល់គ្នា នោះអញនឹងបន្ទោសដល់សត្វដែលស៊ីបង្ខូច មិនឲ្យវាបំផ្លាញផលដែលកើតពីដីឯងឡើយ ឯដើមទំពាំងបាយជូរនៅចំការរបស់ឯង ក៏មិនជំរុះផ្លែពីកាលនៅក្តឹបដែរ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
12. យ៉ាងនោះគ្រប់ទាំងសាសន៍នឹងថា ឯងរាល់គ្នាមានពរ ដ្បិតស្រុករបស់ឯងរាល់គ្នា នឹងបានជាស្រុកសប្បាយណាស់ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
13. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ពាក្យសំដីរបស់ឯងរាល់គ្នា បានទាស់នឹងអញជាខ្លាំង ទោះបើយ៉ាងនោះក៏ឯងរាល់គ្នាថា យើងបាននិយាយអ្វីទាស់នឹងទ្រង់
14. គឺឯងរាល់គ្នាពោលថា ការដែលខំគោរពតាមព្រះ នោះឥតអំពើទេ ហើយដែលយើងបានរក្សាបញ្ញើរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងដើរនៅចំពោះទ្រង់ដោយកាន់ទុក្ខដូច្នេះ តើមានប្រយោជន៍អ្វី