6. គេមានច្បាប់ដ៏ពិតនៅក្នុងមាត់ ហើយមិនឃើញមានសេចក្តីទុច្ចរិតនៅបបូរមាត់គេឡើយ គេបានដើរជាមួយនឹងអញដោយសេចក្តីសុខ និងសេចក្តីទៀងត្រង់ ក៏បានបំបែរមនុស្សជាច្រើន ចេញពីសេចក្តីទុច្ចរិត
7. ដ្បិតគួរឲ្យបបូរមាត់របស់សង្ឃរក្សាទុកនូវយោបល់ ហើយគួរឲ្យមនុស្សស្វែងរកក្រឹត្យវិន័យពីមាត់គេ ដ្បិតគេជាទូតរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
8. តែឯងរាល់គ្នាបានទាសចេញពីផ្លូវ ក៏បាននាំឲ្យមនុស្សជាច្រើនជំពប់ដួល ក្នុងក្រឹត្យវិន័យដែរ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នាបានបង្ខូចសេចក្តីសញ្ញារបស់លេវីហើយ
9. ហេតុនោះអញក៏បានធ្វើឲ្យឯងរាល់គ្នាជាទីមើលងាយ នៅចំពោះមុខជនទាំងឡាយដែរ ពីព្រោះឯងរាល់គ្នាមិនបានកាន់តាមអស់ទាំងផ្លូវរបស់អញ គឺបានយោគយល់មុខគេក្នុងក្រឹត្យវិន័យវិញ។
10. យើងទាំងអស់គ្នា តើមិនមានឪពុកតែ១ទេឬ តើមិនមែនជាព្រះតែ១ ដែលបង្កើតយើងរាល់គ្នាមកទេឬអី ហេតុអ្វីបានជាយើងប្រព្រឹត្តដោយក្បត់ ចំពោះបងប្អូនរៀងខ្លួន ទាំងធ្វើបង្អាប់ដល់សេចក្តីសញ្ញារបស់ពួកអយ្យកោយើងផងដូច្នេះ
11. យូដាបានក្បត់ហើយ ក៏មានគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នៅក្នុងពួកអ៊ីស្រាអែល ហើយនៅក្រុងយេរូសាឡិមដែរ ដ្បិតយូដាបានបង្គាប់សេចក្តីដែលបរិសុទ្ធដល់ព្រះយេហូវ៉ា ជាសេចក្តីដែលគួរឲ្យគេបានស្រឡាញ់វិញ គឺបានយកកូនស្រីរបស់ព្រះដទៃធ្វើជាប្រពន្ធ
12. ព្រះយេហូវ៉ា ទ្រង់នឹងកាត់មនុស្សដែលប្រព្រឹត្តអំពើយ៉ាងនោះចេញពីត្រសាលយ៉ាកុបទៅ ទាំងគ្រូ ទាំងសិស្ស ហើយទាំងអ្នកដែលយកដង្វាយ មកថ្វាយដល់ព្រះយេហូវ៉ានៃពួកពលបរិវារផង
13. ហើយមានការនេះដែលឯងរាល់គ្នាធ្វើទៀត គឺឯងរាល់គ្នាគ្របបាំងអាសនានៃព្រះយេហូវ៉ា ដោយទឹកភ្នែក ដោយយំសោក ហើយស្រែកថ្ងូរ ដល់ម៉្លេះបានជាទ្រង់មិនទតមើលដង្វាយទៀតឡើយ ក៏មិនទទួលពីដៃឯងរាល់គ្នា ដោយព្រះហឫទ័យស្មោះដែរ ទោះបើយ៉ាងនោះគង់តែឯងរាល់គ្នាសួរថា ចុះព្រោះហេតុអ្វី
14. គឺពីព្រោះព្រះយេហូវ៉ា ទ្រង់ជាសាក្សីពីឯង និងប្រពន្ធដែលឯងបានគ្នាពីកាលក្រមុំកំឡោះនោះ ហើយទោះបើនាងជាគូរបស់ឯង និងជាប្រពន្ធ ដែលឯងបានចុះសញ្ញានឹងគ្នាក៏ដោយ គង់តែឯងបានប្រព្រឹត្ត ដោយក្បត់ចំពោះនាងដែរ
15. តើទ្រង់មិនបានបង្កើត ឲ្យមានតែ១ទេឬ ទោះបើទ្រង់មានព្រះវិញ្ញាណសល់នៅក៏ដោយ ហើយហេតុអ្វីបានជាបង្កើតតែមួយដូច្នេះ គឺពីព្រោះទ្រង់ស្វែងរកចង់បានពូជបរិសុទ្ធ ដូច្នេះ ចូរប្រយ័ត្ន ចំពោះវិញ្ញាណរបស់ឯងចុះ កុំឲ្យប្រព្រឹត្តដោយមានចិត្តក្បត់ ចំពោះប្រពន្ធដែលបានគ្នា ពីកាលនៅក្រមុំកំឡោះនោះឡើយ