1. នេះជាព្រះបន្ទូលយ៉ាងធ្ងន់នៃព្រះយេហូវ៉ាដល់អ៊ីស្រាអែល ដោយសារម៉ាឡាគី។
2. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានស្រឡាញ់ឯងរាល់គ្នា ប៉ុន្តែឯងរាល់គ្នាថា ទ្រង់មានស្រឡាញ់យើងរាល់គ្នាឯណា ព្រះយេហូវ៉ាទ្រង់តបថា ឯអេសាវ តើមិនមែនជាបងរបស់យ៉ាកុបទេឬអី ទោះបើយ៉ាងនោះ គង់តែអញបានស្រឡាញ់យ៉ាកុប
3. តែចំណែកអេសាវនោះ អញបានស្អប់វិញ ហើយបានធ្វើឲ្យស្រុកភ្នំរបស់គេបានស្ងាត់ច្រៀប ក៏ឲ្យមរដករបស់គេដល់ពួកស្វាន នៅទីរហោស្ថាន
4. ហើយទោះបើពួកអេដំម គេពោលថា យើងត្រូវបំផ្លាញហើយ តែយើងនឹងវិលទៅសង់កន្លែងខូចបង់ឡើងវិញ គង់តែព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា គេនឹងសង់ឡើងវិញ តែអញនឹងរំលំចុះទៀត នោះមនុស្សនឹងហៅគេថា ជាព្រំស្រុកនៃសេចក្តីអាក្រក់ ហើយថា ជាសាសន៍ដែលព្រះយេហូវ៉ាទ្រង់មានសេចក្តីគ្នាន់ក្នាញ់ចំពោះគេជាដរាប
5. ភ្នែកឯងរាល់គ្នានឹងឃើញដែរ ហើយឯងនឹងពោលថា សូមឲ្យព្រះយេហូវ៉ាបានដំកើងឡើង ក្រៅពីព្រំស្រុកអ៊ីស្រាអែលទៅទៀត។
6. ឯកូន នោះរមែងគោរពដល់ឪពុក ហើយបាវបំរើក៏កោតខ្លាចដល់ចៅហ្វាយ ដូច្នេះ បើអញជាឪពុក នោះតើសេចក្តីគោរពដល់អញនៅឯណា ហើយបើអញជាចៅហ្វាយ តើសេចក្តីគោរពដល់អញនៅឯណា នេះគឺជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដល់ឯងរាល់គ្នា ជាពួកសង្ឃដែលមើលងាយឈ្មោះអញ តែឯងថាយើងរាល់គ្នាមានមើលងាយដល់ព្រះនាមទ្រង់ឯណា
7. គឺឯងរាល់គ្នាថ្វាយនំបុ័ង ដែលមិនបរិសុទ្ធនៅលើអាសនារបស់អញ ឯងរាល់គ្នាក៏ពោលថា តើយើងបានបង្អាប់ដល់ទ្រង់ឯណា គឺដោយឯងរាល់គ្នាថា តុនៃព្រះយេហូវ៉ាគួរមើលងាយ
8. ហើយកាលណាឯងរាល់គ្នាថ្វាយសត្វដែលខ្វាក់ជាយញ្ញបូជា នោះក៏មិនអាក្រក់ដែរឬ ហើយកាលណាឯងរាល់គ្នាថ្វាយសត្វខ្ញើច និងសត្វដែលឈឺ នោះក៏មិនអាក្រក់ដែរឬ ចូរជូនដល់ចៅហ្វាយឯងលមើល បើលោកសុខចិត្តនឹងឯង ឬយ៉ាងណា ឬបើលោកនឹងទទួលឯងឬទេ
9. នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ឥឡូវនេះ ខ្ញុំសូមអ្នករាល់គ្នាឲ្យទូលអង្វរដល់ព្រះ ដើម្បីឲ្យទ្រង់បានផ្តល់ព្រះគុណដល់យើង ការទាំងអស់នេះបានកើតដោយសារអ្នករាល់គ្នាហើយ ដូច្នេះ តើទ្រង់នឹងទទួលមុខអ្នករាល់គ្នាណា១ឬ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ