25. លុះបណ្តេញមនុស្សទាំងនោះ ទៅក្រៅអស់ហើយ នោះទ្រង់យាងចូលទៅចាប់ដៃនាង រួចនាងក៏ក្រោកឡើង
26. រឿងនោះបានល្បីខ្ចរខ្ចាយទួទៅ ពេញពាសក្នុងស្រុកនោះឯង។
27. កំពុងដែលព្រះយេស៊ូវទ្រង់យាងចេញពីទីនោះទៅ នោះមានមនុស្សខ្វាក់២នាក់តាមទ្រង់ ទាំងស្រែកថា ឱព្រះរាជបុត្រាហ្លួងដាវីឌអើយ សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង
28. កាលបានយាងចូលទៅក្នុងផ្ទះ នោះអ្នកខ្វាក់ទាំង២ក៏មកឯទ្រង់ ហើយទ្រង់មានព្រះបន្ទូលសួរថា តើអ្នកជឿថា ខ្ញុំអាចនឹងធ្វើការនេះបានឬទេ អ្នកទាំង២ទូលថា ជឿហើយ ព្រះអម្ចាស់អើយ
29. នោះទ្រង់ក៏ពាល់ភ្នែកគេ ដោយព្រះបន្ទូលថា ចូរឲ្យបានដូចសេចក្ដីជំនឿរបស់អ្នកចុះ
30. ភ្នែកគេក៏បានភ្លឺឡើង រួចទ្រង់ហាមផ្តាច់ថា នែ កុំឲ្យអ្នកណាដឹងការនេះឲ្យសោះហ្នះ
31. តែកាលគេចេញទៅហើយ នោះក៏ផ្សាយប្រាប់ពីទ្រង់ សុសសាយពេញក្នុងស្រុកនោះ។
32. កំពុងដែលអ្នកទាំង២ចេញទៅ នោះមានគេនាំមនុស្សគ ដែលមានអារក្សចូល មកឯទ្រង់
33. រួចកាលបានដេញអារក្សចេញហើយ នោះមនុស្សគបាននិយាយឡើងបាន ឯបណ្តាមនុស្សទាំងប៉ុន្មាន គេមានសេចក្ដីអស្ចារ្យថា មិនដែលឃើញមានយ៉ាងដូច្នេះ នៅក្នុងស្រុកអ៊ីស្រាអែលសោះឡើយ
34. តែពួកផារីស៊ីនិយាយឡើងថា អ្នកនេះដេញអារក្ស ដោយសារតែមេអារក្សទេ។
35. ព្រះយេស៊ូវ ទ្រង់ក៏យាងទៅដល់គ្រប់ក្រុងគ្រប់ភូមិ ព្រមទាំងបង្រៀនក្នុងសាលាប្រជុំទាំងប៉ុន្មាន ហើយប្រកាសប្រាប់ដំណឹងល្អពីនគរ ទ្រង់ក៏ប្រោសអស់ទាំងជំងឺរោគា និងជរាពិការ ក្នុងពួកបណ្តាជនឲ្យបានជា
36. កាលទ្រង់ឃើញហ្វូងមនុស្សហើយ នោះទ្រង់មានព្រះហឫទ័យក្តួលអាណិតដល់គេ ដ្បិតគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម ដែលឥតអ្នកគង្វាល
37. បានជាទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ
38. ដូច្នេះ ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់។