2. នោះមានគេនាំមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់ ដេកលើគ្រែមកឯទ្រង់ កាលទ្រង់ទតឃើញសេចក្ដីជំនឿរបស់អ្នកទាំងនោះ ក៏មានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា ចូរសង្ឃឹមឡើង កូនអើយ បាបឯងបានអត់ទោសឲ្យឯងហើយ
3. ដូច្នេះ មានអាចារ្យខ្លះនឹកក្នុងចិត្តថា មនុស្សនេះពោលពាក្យប្រមាថដល់ព្រះ
4. ឯព្រះយេស៊ូវ ទ្រង់ឈ្វេងយល់គំនិតគេ ក៏មានព្រះបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់ក្នុងចិត្តដូច្នេះ
5. ដ្បិតដែលថា បាបឯងបានអត់ទោសឲ្យឯងហើយ ឬថា ឲ្យក្រោកឡើងដើរទៅ នោះតើពាក្យណាងាយថាជាជាង
6. ប៉ុន្តែ នេះដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា កូនមនុស្សមានអំណាច នឹងអត់ទោសបាបនៅផែនដីបានដែរ នោះទ្រង់មានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា ចូរក្រោកឡើង យកគ្រែឯងទៅផ្ទះទៅ
7. អ្នកនោះក៏ក្រោកឡើងដើរទៅឯផ្ទះ
8. កាលហ្វូងមនុស្សបានឃើញការនោះ គេកើតមានសេចក្ដីអស្ចារ្យ ក៏សរសើរដំកើងដល់ព្រះដែលទ្រង់បានប្រទានអំណាចយ៉ាងនេះ មកមនុស្សលោក។
9. លុះព្រះយេស៊ូវយាងហួសពីទីនោះទៅ ទ្រង់ក៏ទតឃើញមនុស្សម្នាក់ឈ្មោះ ម៉ាថាយ កំពុងអង្គុយនៅកន្លែងយកពន្ធ នោះទ្រង់មានព្រះបន្ទូលហៅគាត់ថា ចូរមកតាមខ្ញុំ គាត់ក៏ក្រោកឡើងដើរតាមទ្រង់ទៅ
10. កាលព្រះយេស៊ូវកំពុងគង់សោយអាហារនៅក្នុងផ្ទះ នោះមានពួកអ្នកយកពន្ធ និងមនុស្សមានបាបជាច្រើន បានមកអង្គុយជាមួយនឹងទ្រង់ និងពួកសិស្សទ្រង់ផង
11. កាលពួកផារីស៊ីបានឃើញដូច្នោះ គេក៏សួរពួកសិស្សទ្រង់ថា ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយនឹងពួកយកពន្ធ ហើយនឹងមនុស្សមានបាបដូច្នេះ
12. តែព្រះយេស៊ូវទ្រង់ក៏បានឮ ហើយទ្រង់មានព្រះបន្ទូលតបថា ពួកអ្នកដែលជាសុខសប្បាយ មិនត្រូវការនឹងគ្រូពេទ្យទេ គឺជាពួកដែលមានជំងឺវិញទេតើ
13. ចូរឲ្យអ្នករាល់គ្នាទៅរៀនន័យបទ ដែលថា «អញចង់បានសេចក្ដីមេត្តាករុណា មិនមែនយញ្ញបូជាទេ» ពីព្រោះខ្ញុំមិនបានមក ដើម្បីនឹងហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប ឲ្យប្រែចិត្តវិញ។
14. នៅគ្រានោះ ពួកសិស្សរបស់យ៉ូហាន ក៏មកឯទ្រង់ទូលថា ហេតុអ្វីបានជាយើងខ្ញុំ និងពួកផារីស៊ី តមតែញយៗ តែពួកសិស្សទ្រង់មិនដែលតមសោះដូច្នេះ
15. ព្រះយេស៊ូវទ្រង់ឆ្លើយថា កំពុងដែលប្ដីថ្មោងថ្មីនៅជាមួយគ្នា នោះតើសំឡាញ់នៃគាត់នឹងធ្វើទឹកមុខព្រួយបានឬទេ ប៉ុន្តែ នឹងមានគ្រាមកដល់ ដែលប្ដីនឹងត្រូវដកយកចេញពីគេទៅ នៅគ្រានោះ ទើបគេនឹងតមអាហារវិញ
16. គ្មានអ្នកណាដែលយកកំណាត់សំពត់ថ្មី មកប៉ះអាវចាស់ទេ ដ្បិតកំណាត់ថ្មីនោះ នឹងហែកអាវចាស់ចេញ ហើយរំហែកនោះនឹងរឹងរឹតតែអាក្រក់ជាងទៅទៀត