18. កំពុងដែលទ្រង់មានព្រះបន្ទូលនឹងគេ ពីដំណើរទាំងនោះ ស្រាប់តែមានមេសាលាម្នាក់ មកក្រាបថ្វាយបង្គំទូលថា កូនស្រីរបស់ទូលបង្គំទើបនឹងស្លាប់អម្បាញ់មិញ សូមទ្រង់មេត្តាយាងទៅដាក់ព្រះហស្តលើវា នោះវានឹងរស់ឡើងវិញ
19. ព្រះយេស៊ូវក៏ក្រោកឡើង យាងទៅតាម ព្រមទាំងពួកសិស្សទ្រង់ដែរ
20. រីឯមានស្ត្រីម្នាក់ នាងមានជំងឺធ្លាក់ឈាមអស់១២ឆ្នាំមកហើយ នាងបានចូលមកពីក្រោយ ពាល់ជាយព្រះពស្ត្រទ្រង់
21. ដោយគិតក្នុងចិត្តថា បើគ្រាន់តែពាល់ជាយព្រះពស្ត្រទ្រង់ប៉ុណ្ណោះ នោះនឹងបានជាហើយ
22. ឯព្រះយេស៊ូវ ទ្រង់បែរទៅឃើញនាង ក៏មានព្រះបន្ទូលថា ចូរសង្ឃឹមឡើង កូនអើយ សេចក្ដីជំនឿរបស់នាង បានជួយសង្គ្រោះនាងហើយ នាងក៏ជា ចាប់តាំងពីវេលានោះមក
23. រួចមក កាលទ្រង់យាងចូលទៅក្នុងផ្ទះមេសាលា បានឃើញពួកអ្នកផ្លុំខ្លុយ និងមនុស្សសន្ធឹកកំពុងតែឆោឡោ
24. នោះទ្រង់មានព្រះបន្ទូលថា ចូរថយចេញទៅ ដ្បិតនាងក្រមុំនេះមិនមែនស្លាប់ទេ នាងគ្រាន់តែដេកលក់ប៉ុណ្ណោះ តែគេសើចចំអកឲ្យទ្រង់
25. លុះបណ្តេញមនុស្សទាំងនោះ ទៅក្រៅអស់ហើយ នោះទ្រង់យាងចូលទៅចាប់ដៃនាង រួចនាងក៏ក្រោកឡើង
26. រឿងនោះបានល្បីខ្ចរខ្ចាយទួទៅ ពេញពាសក្នុងស្រុកនោះឯង។
27. កំពុងដែលព្រះយេស៊ូវទ្រង់យាងចេញពីទីនោះទៅ នោះមានមនុស្សខ្វាក់២នាក់តាមទ្រង់ ទាំងស្រែកថា ឱព្រះរាជបុត្រាហ្លួងដាវីឌអើយ សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង
28. កាលបានយាងចូលទៅក្នុងផ្ទះ នោះអ្នកខ្វាក់ទាំង២ក៏មកឯទ្រង់ ហើយទ្រង់មានព្រះបន្ទូលសួរថា តើអ្នកជឿថា ខ្ញុំអាចនឹងធ្វើការនេះបានឬទេ អ្នកទាំង២ទូលថា ជឿហើយ ព្រះអម្ចាស់អើយ
29. នោះទ្រង់ក៏ពាល់ភ្នែកគេ ដោយព្រះបន្ទូលថា ចូរឲ្យបានដូចសេចក្ដីជំនឿរបស់អ្នកចុះ
30. ភ្នែកគេក៏បានភ្លឺឡើង រួចទ្រង់ហាមផ្តាច់ថា នែ កុំឲ្យអ្នកណាដឹងការនេះឲ្យសោះហ្នះ
31. តែកាលគេចេញទៅហើយ នោះក៏ផ្សាយប្រាប់ពីទ្រង់ សុសសាយពេញក្នុងស្រុកនោះ។