11. កាលពួកផារីស៊ីបានឃើញដូច្នោះ គេក៏សួរពួកសិស្សទ្រង់ថា ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយនឹងពួកយកពន្ធ ហើយនឹងមនុស្សមានបាបដូច្នេះ
12. តែព្រះយេស៊ូវទ្រង់ក៏បានឮ ហើយទ្រង់មានព្រះបន្ទូលតបថា ពួកអ្នកដែលជាសុខសប្បាយ មិនត្រូវការនឹងគ្រូពេទ្យទេ គឺជាពួកដែលមានជំងឺវិញទេតើ
13. ចូរឲ្យអ្នករាល់គ្នាទៅរៀនន័យបទ ដែលថា «អញចង់បានសេចក្ដីមេត្តាករុណា មិនមែនយញ្ញបូជាទេ» ពីព្រោះខ្ញុំមិនបានមក ដើម្បីនឹងហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប ឲ្យប្រែចិត្តវិញ។
14. នៅគ្រានោះ ពួកសិស្សរបស់យ៉ូហាន ក៏មកឯទ្រង់ទូលថា ហេតុអ្វីបានជាយើងខ្ញុំ និងពួកផារីស៊ី តមតែញយៗ តែពួកសិស្សទ្រង់មិនដែលតមសោះដូច្នេះ
15. ព្រះយេស៊ូវទ្រង់ឆ្លើយថា កំពុងដែលប្ដីថ្មោងថ្មីនៅជាមួយគ្នា នោះតើសំឡាញ់នៃគាត់នឹងធ្វើទឹកមុខព្រួយបានឬទេ ប៉ុន្តែ នឹងមានគ្រាមកដល់ ដែលប្ដីនឹងត្រូវដកយកចេញពីគេទៅ នៅគ្រានោះ ទើបគេនឹងតមអាហារវិញ
16. គ្មានអ្នកណាដែលយកកំណាត់សំពត់ថ្មី មកប៉ះអាវចាស់ទេ ដ្បិតកំណាត់ថ្មីនោះ នឹងហែកអាវចាស់ចេញ ហើយរំហែកនោះនឹងរឹងរឹតតែអាក្រក់ជាងទៅទៀត
17. ក៏មិនដែលមានអ្នកណាដាក់ស្រាទំពាំងបាយជូរថ្មី ក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នោះ ថង់ស្បែកនឹងធ្លាយ ហូរស្រាទំពាំងបាយជូរចេញអស់ ហើយទាំងថង់នោះក៏ត្រូវខូចខាតដែរ គឺគេតែងដាក់ស្រាទំពាំងបាយជូរថ្មី ក្នុងថង់ស្បែកថ្មីវិញ នោះទើបទាំង២បានគង់នៅ។
18. កំពុងដែលទ្រង់មានព្រះបន្ទូលនឹងគេ ពីដំណើរទាំងនោះ ស្រាប់តែមានមេសាលាម្នាក់ មកក្រាបថ្វាយបង្គំទូលថា កូនស្រីរបស់ទូលបង្គំទើបនឹងស្លាប់អម្បាញ់មិញ សូមទ្រង់មេត្តាយាងទៅដាក់ព្រះហស្តលើវា នោះវានឹងរស់ឡើងវិញ
19. ព្រះយេស៊ូវក៏ក្រោកឡើង យាងទៅតាម ព្រមទាំងពួកសិស្សទ្រង់ដែរ
20. រីឯមានស្ត្រីម្នាក់ នាងមានជំងឺធ្លាក់ឈាមអស់១២ឆ្នាំមកហើយ នាងបានចូលមកពីក្រោយ ពាល់ជាយព្រះពស្ត្រទ្រង់
21. ដោយគិតក្នុងចិត្តថា បើគ្រាន់តែពាល់ជាយព្រះពស្ត្រទ្រង់ប៉ុណ្ណោះ នោះនឹងបានជាហើយ
22. ឯព្រះយេស៊ូវ ទ្រង់បែរទៅឃើញនាង ក៏មានព្រះបន្ទូលថា ចូរសង្ឃឹមឡើង កូនអើយ សេចក្ដីជំនឿរបស់នាង បានជួយសង្គ្រោះនាងហើយ នាងក៏ជា ចាប់តាំងពីវេលានោះមក