8. តែមេទ័ពទូលប្រកែកថា ព្រះអម្ចាស់អើយ ទូលបង្គំមិនគួរនឹងទទួលទ្រង់នៅក្នុងផ្ទះទូលបង្គំទេ សូមទ្រង់គ្រាន់តែមានព្រះបន្ទូលមួយព្រះឱស្ឋមកប៉ុណ្ណោះ នោះបាវទូលបង្គំនឹងបានជាហើយ
9. ដ្បិតទូលបង្គំជាមនុស្សនៅក្រោមបង្គាប់គេដែរ ហើយមានទាហាននៅក្រោមឱវាទទូលបង្គំ បើទូលបង្គំប្រាប់ទៅម្នាក់ថា ទៅ នោះវាក៏ទៅ ប្រាប់ទៅម្នាក់ទៀតថា មក វាក៏មក ហើយប្រាប់ទៅបាវថា ធ្វើការនេះ នោះវាក៏ធ្វើតាម
10. កាលព្រះយេស៊ូវបានឮពាក្យនោះហើយ ទ្រង់មានសេចក្ដីអស្ចារ្យក្នុងព្រះហឫទ័យ រួចមានព្រះបន្ទូលទៅពួកអ្នកដែលតាមទ្រង់ថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនដែលឃើញសេចក្ដីជំនឿជាខ្លាំងដល់ម៉្លេះទេ ទោះទាំងនៅក្នុងសាសន៍អ៊ីស្រាអែលផង
11. ខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើន ពីទិសខាងកើត និងទិសខាងលិច មកអង្គុយជាមួយនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប នៅក្នុងនគរស្ថានសួគ៌
12. តែអស់ទាំងមនុស្សរបស់នគរនោះ នឹងត្រូវបោះចោល ទៅក្នុងសេចក្ដីងងឹតខាងក្រៅវិញ នៅទីនោះនឹងមានយំ ហើយសង្កៀតធ្មេញ
13. រួចទ្រង់មានព្រះបន្ទូលទៅមេទ័ពនោះថា ចូរទៅចុះ ឲ្យបានដូចសេចក្ដីជំនឿរបស់អ្នកចុះ បាវគាត់ក៏បានជានៅវេលានោះឯង។
14. លុះព្រះយេស៊ូវ ទ្រង់យាងទៅក្នុងផ្ទះរបស់ពេត្រុសហើយ នោះឃើញម្តាយក្មេកគាត់កំពុងតែដេកគ្រុន
15. រួចទ្រង់ពាល់ដៃនាង នោះគ្រុនក៏បាត់ទៅ ហើយនាងក្រោកឡើងបំរើទ្រង់។
16. ដល់ពេលព្រលប់ គេនាំមនុស្សជាច្រើន ដែលមានអារក្សចូលមកឯទ្រង់ ហើយទ្រង់ក៏ដេញអារក្សដោយសារព្រះបន្ទូល ឯអស់អ្នកដែលមានជំងឺរោគា ទ្រង់បានប្រោសឲ្យជាគ្រប់គ្នាដែរ
17. ដើម្បីឲ្យបានសំរេច តាមទំនាយដែលហោរាអេសាយ បានទាយទុកមកថា «ទ្រង់បានទទួលអស់ទាំងរោគា ហើយផ្ទុកអស់ទាំងជំងឺរបស់យើងរាល់គ្នា នៅលើព្រះអង្គទ្រង់»។
18. កាលព្រះយេស៊ូវ ទ្រង់ឃើញហ្វូងមនុស្សកកកុញនៅជុំវិញទ្រង់ នោះទ្រង់បង្គាប់ ឲ្យឆ្លងទៅឯត្រើយម្ខាងទៅ