22. តែព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា ចូរមកតាមខ្ញុំវិញ ទុកឲ្យពួកមនុស្សស្លាប់កប់ខ្មោចពួកគេចុះ។
23. កាលទ្រង់បានយាងចុះទូកហើយ នោះពួកសិស្សក៏តាមទ្រង់ទៅ
24. ឯសមុទ្រក៏កំរើកឡើងជាខ្លាំង ដល់ម៉្លេះបានជារលកឡើងគ្របលើទូក តែទ្រង់ផ្ទំលក់
25. ពួកសិស្សក៏ចូលទៅតើនទ្រង់ទូលថា ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះផង យើងខ្ញុំវិនាសហើយ
26. ទ្រង់មានព្រះបន្ទូលថា ឱពួកអ្នកមានជំនឿតិចអើយ ហេតុអ្វីបានជាភ័យដូច្នេះ រួចទ្រង់ក្រោកឡើង កំហែងដល់ខ្យល់ និងសមុទ្រ នោះក៏ស្ងប់ឈឹងអស់ទៅ
27. អ្នកទាំងនោះមានសេចក្ដីអស្ចារ្យ ហើយនិយាយគ្នាថា តើមនុស្សនេះបែបយ៉ាងណា បានជាទាំងខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ។
28. កាលទ្រង់បានដល់ស្រុកគេរ៉ាស៊ីន នៅត្រើយម្ខាងហើយ នោះមានមនុស្ស២នាក់ ដែលមានអារក្សចូល គេចេញពីផ្នូរខ្មោចមកជួបនឹងទ្រង់ វាសាហាវណាស់ ដល់ម៉្លេះបានជាគ្មានអ្នកណាហ៊ានដើរតាមផ្លូវនោះទេ
29. នោះវាស្រែកឡើងថា ឱព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះអើយ តើយើងហើយនឹងទ្រង់មានការអ្វីនឹងគ្នា តើទ្រង់បានយាងមកទីនេះ ដើម្បីនឹងធ្វើទុក្ខដល់យើងមុនកំណត់ឬអី