17. តែអ្នក កាលណាតម នោះចូរឲ្យលាបគ្រឿងក្រអូបនៅលើក្បាល ហើយលប់មុខចេញ
18. ដើម្បីកុំឲ្យមនុស្សលោកឃើញថា អ្នកតមឡើយ គឺឲ្យព្រះវរបិតានៃអ្នក ដែលគង់នៅទីលាក់កំបាំង បានឃើញវិញ នោះព្រះវរបិតានៃអ្នក ដែលទ្រង់ទតឃើញនៅទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក នៅទីប្រចក្សច្បាស់។
19. កុំឲ្យប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួន នៅផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយចោរទំលុះប្លន់នោះឡើយ
20. ត្រូវប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួន នៅឯស្ថានសួគ៌វិញ ដែលជាកន្លែងគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញឡើយ ក៏គ្មានចោរទំលុះ ឬប្លន់ផង
21. ពីព្រោះសម្បត្តិទ្រព្យរបស់អ្នកស្ថិតនៅកន្លែងណា នោះចិត្តអ្នកក៏នឹងនៅកន្លែងនោះដែរ។
22. ឯចង្កៀងរបស់រូបកាយ គឺជាភ្នែក ដូច្នេះ បើភ្នែកអ្នកល្អ នោះរូបកាយអ្នកទាំងមូលនឹងបានភ្លឺ
23. តែបើភ្នែកអ្នកអាក្រក់វិញ នោះរូបកាយអ្នកទាំងមូល នឹងត្រូវងងឹតសូន្យ យ៉ាងនោះ បើពន្លឺដែលនៅក្នុងខ្លួនអ្នក ជាសេចក្ដីងងឹតហើយ ចុះសេចក្ដីងងឹតនោះនឹងបានជាខ្លាំងអម្បាលម៉ានទៅហ្ន៎។
24. គ្មានអ្នកណាអាចនឹងបំរើចៅហ្វាយ២នាក់បានទេ ដ្បិតអ្នកនោះនឹងស្អប់១ ហើយស្រឡាញ់១ ឬស្មោះត្រង់នឹង១ ហើយមើលងាយ១ អ្នករាល់គ្នាពុំអាចនឹងគោរពដល់ព្រះ និងទ្រព្យសម្បត្តិផងបានទេ
25. ដោយហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិតដែលនឹងបរិភោគអ្វី ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះឡើយ ឯជីវិត តើមិនវិសេសជាងចំណីអាហារ ហើយរូបកាយ តើមិនវិសេសជាងសំលៀកបំពាក់ទេឬអី
26. ចូរពិចារណាពីសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ឯអ្នករាល់គ្នា តើគ្មានដំឡៃលើសជាងសត្វទាំងនោះទេឬអី
27. ចុះនៅក្នុងពួកអ្នករាល់គ្នា តើមានអ្នកឯណាដែលអាចនឹងបន្ថែមកំពស់ខ្លួន១ហត្ថ ដោយសារសេចក្ដីខ្វល់ខ្វាយបានឬទេ
28. ហើយពីដំណើរសំលៀកបំពាក់ តើអ្នករាល់គ្នាខំខ្វល់ខ្វាយធ្វើអ្វី ចូររំពឹងគិតតែពីផ្កាឈូកនៅក្នុងបឹង ដែលវាដុះជាយ៉ាងដូចម្តេច គឺវាមិននឿយហត់នឹងធ្វើការ ឬស្រាវរវៃទេ
29. តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែហ្លួងសាឡូម៉ូន ក្នុងគ្រាដែលមានគ្រប់ទាំងសេចក្ដីរុងរឿងរបស់ទ្រង់ នោះទ្រង់មិនបានតែងអង្គ ដូចជាផ្កា១នោះផង
30. រីឯតិណជាតិ ដែលដុះនៅវាលក្នុងថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវគេដុតនៅជើងក្រាន បើព្រះទ្រង់តុបតែងស្មៅយ៉ាងដូច្នោះ នោះឱមនុស្សមានជំនឿតិចអើយ តើទ្រង់មិនតុបតែងឲ្យអ្នករាល់គ្នា លើសជាងទៅទៀតទេឬអី
31. ដូច្នេះ កុំឲ្យខ្វល់ខ្វាយថា តើត្រូវបរិភោគអ្វី ឬស្លៀកពាក់អ្វីនោះឡើយ