ម៉ាថាយ 5:7-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តា‌ករុណា ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្ដី​មេត្តា‌ករុណា​វិញ

8. មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះ

9. មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្សះ‌ផ្សា​គេ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ហៅ​ជា​កូន​របស់​ព្រះ

10. មាន​ពរ​ហើយ អស់​អ្នក​ដែល​ត្រូវ​គេ​បៀត‌បៀន ដោយ​ព្រោះ​សេចក្ដី​សុចរិត ដ្បិត​នគរ​ស្ថាន‌សួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ

11. អ្នក​រាល់​គ្នា​មាន​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀត‌បៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ពី​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ខ្ញុំ

12. ចូរ​មាន​ចិត្ត​អំណរ ហើយ​រីក‌រាយ​ជា​ខ្លាំង​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ​ស្ថាន‌សួគ៌ ពី​ព្រោះ​គេ​ក៏​បាន​ធ្វើ​ទុក្ខ​ដល់​ពួក​ហោរា ដែល​នៅ​មុន​អ្នក​រាល់​គ្នា បែប​ដូច្នោះ​ដែរ។

13. អ្នក​រាល់​គ្នា​ជា​អំបិល​នៃ​ផែនដី បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ នោះ​តើ​នឹង​យក​អ្វី ដើម្បី​ធ្វើ​ឲ្យ​ប្រៃ​ឡើង​វិញ​បាន ជា​របស់​គ្មាន​ប្រយោជន៍​ទៀត​សោះ មាន​តែ​បោះ​បង់​ចោល​ទៅ​ក្រៅ ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ

14. អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកីយ៍ ឯ​ទី​ក្រុង​ណា​ដែល​នៅ​លើ​ភ្នំ នោះ​លាក់​មិន​កំបាំង​ទេ

15. ក៏​គ្មាន​អ្នក​ណា​អុជ​ចង្កៀង យក​ទៅ​ដាក់​ក្រោម​ថាំង​ដែរ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ នោះ​ទើប​ភ្លឺ​ដល់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ទាំង​អស់​គ្នា

16. ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរ‌ដំកើង ដល់​ព្រះ‌វរ‌បិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌។

17. កុំ​ឲ្យ​គិត​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​នឹង​លើក​ក្រឹត្យ‌វិន័យ ឬ​ទំនាយ​ពួក​ហោរា​ចោល​ឡើយ ខ្ញុំ​មិន​មែន​មក​នឹង​លើក​ចោល​ទេ គឺ​មក​នឹង​ធ្វើ​ឲ្យ​សំរេច​វិញ

ម៉ាថាយ 5