ម៉ាថាយ 5:15-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ក៏​គ្មាន​អ្នក​ណា​អុជ​ចង្កៀង យក​ទៅ​ដាក់​ក្រោម​ថាំង​ដែរ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ នោះ​ទើប​ភ្លឺ​ដល់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ទាំង​អស់​គ្នា

16. ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរ‌ដំកើង ដល់​ព្រះ‌វរ‌បិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌។

17. កុំ​ឲ្យ​គិត​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​នឹង​លើក​ក្រឹត្យ‌វិន័យ ឬ​ទំនាយ​ពួក​ហោរា​ចោល​ឡើយ ខ្ញុំ​មិន​មែន​មក​នឹង​លើក​ចោល​ទេ គឺ​មក​នឹង​ធ្វើ​ឲ្យ​សំរេច​វិញ

18. ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​គ្មាន​បាំង​ឈើ​១ ឬ​ក្បៀស​១​នៅ​ក្នុង​ក្រឹត្យ‌វិន័យ ត្រូវ​បាត់​ឡើយ ដរាប​ដល់​កាល​ណា​មេឃ និង​ផែនដី បាន​កន្លង​បាត់​ទៅ គឺ​ទាល់​តែ​សេចក្ដី​ទាំង​អស់​បាន​សំរេច ដោយ​សព្វ​គ្រប់

19. ដូច្នេះ អ្នក​ណា​ដែល​នឹង​រំលង​បទ​ណា​មួយ សូម្បី​យ៉ាង​តូច​បំផុត ក្នុង​បញ្ញត្ត​ទាំង​នេះ ហើយ​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ នោះ​នឹង​ត្រូវ​ហៅ​ជា​អ្នក​តូច​បំផុត​ក្នុង​នគរ​ស្ថាន‌សួគ៌ តែ​អ្នក​ណា​ដែល​កាន់​តាម ហើយ​បង្រៀន​ចំពោះ​បញ្ញត្ត​ទាំង​នេះ នោះ​នឹង​បាន​ហៅ​ជា​អ្នក​ធំ​ក្នុង​នគរ​ស្ថាន‌សួគ៌​វិញ

20. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់​គ្នា មិន​លើស​ពី​សេចក្ដី​សុចរិត​នៃ​ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ចូល ទៅ​ក្នុង​នគរ​ស្ថាន‌សួគ៌​ពុំ​បាន​ឡើយ។

21. អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី​ដែល​សំដែង​ដល់​មនុស្ស​ពី​បុរាណ ថា«កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ» បើ​អ្នក​ណា​សំឡាប់​មនុស្ស នោះ​ក្រែង​ត្រូវ​ជាប់​ជំនុំ​ជំរះ​ហើយ

22. តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ដូច្នេះ​វិញ ថា សូម្បី​តែ​អ្នក​ណា​ដែល​ខឹង​នឹង​បង​ប្អូន នោះ​ក្រែង​ត្រូវ​ជាប់​ជំនុំ​ជំរះ​ដែរ ហើយ​អ្នក​ណា ដែល​ស្តីឲ្យ​បង​ប្អូន​ថា «អា​ចោល‌ម្សៀត» នោះ​ក្រែង​ពួក​ក្រុម​ជំនុំ​ធ្វើ​ទោស តែ​ចំណែក​អ្នក​ណា​ដែល​ថា «អា​ឆ្កួត» នោះ​ក្រែង​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក

23. ដូច្នេះ បើ​កាល​ណា​អ្នក​នាំ​យក​ដង្វាយ​មក​ដល់​អាសនា ហើយ​នៅ​ទី​នោះ​អ្នក​នឹក​ឃើញ​ថា បង​ប្អូន​ណា​មាន​ហេតុ​អ្វី​ទាស់​នឹង​អ្នក

24. នោះ​ត្រូវ​ទុក​ដង្វាយ​របស់​អ្នក​នៅ​មុខ​អាសនា ហើយ​ទៅ​រក​ជា​នឹង​បង​ប្អូន​ជា​មុន​សិន រួច​សឹម​មក​ថ្វាយ​ដង្វាយ​អ្នក​ចុះ

ម៉ាថាយ 5