6. បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរទំលាក់ខ្លួនទៅក្រោមចុះ ដ្បិតមានសេចក្ដីចែងទុកមកថា «ទ្រង់នឹងបង្គាប់ពួកទេវតានៃទ្រង់ ពីដំណើរអ្នក ទេវតានឹងទ្រអ្នកដោយដៃ ក្រែងលោជើងអ្នកទង្គិចនឹងថ្ម»
7. ព្រះយេស៊ូវមានព្រះបន្ទូលទៅវាថា មានសេចក្ដីចែងទុកដូច្នេះទៀត «កុំឲ្យឯងល្បួងព្រះអម្ចាស់ ជាព្រះនៃឯងឡើយ»។
8. មួយទៀត អារក្សបាននាំទ្រង់ទៅលើកំពូលភ្នំយ៉ាងខ្ពស់ ក៏បង្ហាញអស់ទាំងនគរក្នុងលោកីយ៍ និងសិរីលំអរបស់នគរទាំងនោះថ្វាយទ្រង់ទត
9. រួចទូលថា បើសិនជាអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងឲ្យរបស់ទាំងនេះដល់អ្នក
10. នោះព្រះយេស៊ូវមានព្រះបន្ទូលតបថា នែ សាតាំង ចូរឯងថយចេញពីអញទៅ ដ្បិតមានសេចក្ដីចែងទុកមកថា «ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ»
11. ដូច្នេះ អារក្សក៏ថយចេញពីទ្រង់ទៅ រួចមានពួកទេវតាមកបំរើទ្រង់។
12. កាលព្រះយេស៊ូវឮថា គេបានបញ្ជូនយ៉ូហានទៅហើយ នោះទ្រង់យាងថយទៅ គង់នៅឯស្រុកកាលីឡេវិញ
13. រួចទ្រង់ចេញពីណាសារ៉ែត ទៅគង់នៅឯក្រុងកាពើណិមវិញ ជាក្រុងនៅមាត់សមុទ្រ ត្រង់ព្រំប្រទល់ដែនខេត្តសាប់យូល៉ូន និងណែបថាលី
14. ដើម្បីឲ្យបានសំរេចទំនាយ ដែលហោរាអេសាយបានទាយថា
15. «ស្រុកសាប់យូល៉ូន និងណែបថាលី តាមផ្លូវទៅឯសមុទ្រ ខាងនាយទន្លេយ័រដាន់ គឺជាស្រុកកាលីឡេរបស់សាសន៍ដទៃ
16. ឯបណ្តាជន ដែលអង្គុយក្នុងសេចក្ដីងងឹត គេបានឃើញពន្លឺយ៉ាងធំ មានពន្លឺរះឡើង បំភ្លឺដល់ពួកអ្នកដែលអង្គុយក្នុងកំលុង ហើយនឹងម្លប់នៃសេចក្ដីស្លាប់»
17. តាំងពីគ្រានោះមក ព្រះយេស៊ូវក៏ចាប់តាំងប្រកាស ដោយព្រះបន្ទូលថា ចូរប្រែចិត្តឡើង ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ។
18. កាលព្រះយេស៊ូវ ទ្រង់កំពុងយាងតាមឆ្នេរសមុទ្រកាលីឡេ នោះក៏ទតឃើញបងប្អូន២នាក់ ជាអ្នកនេសាទត្រី គឺស៊ីម៉ូន ដែលហៅថា ពេត្រុស និងអនទ្រេ ជាប្អូនកំពុងតែបង់សំណាញ់ក្នុងសមុទ្រ