1. នៅគ្រានោះ យ៉ូហាន-បាទីស្ទ គាត់មកនៅក្នុងទីរហោស្ថានស្រុកយូដា កំពុងតែប្រកាសថា
2. ចូរឲ្យប្រែចិត្តចុះ ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ
3. គឺពីអ្នកនេះហើយ ដែលហោរាអេសាយបានទាយថា «មានសំឡេងនៃមនុស្សម្នាក់ កំពុងតែស្រែកនៅទីរហោស្ថានថា ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរដំរង់ផ្លូវតូចថ្វាយទ្រង់ចុះ»
4. ឯយ៉ូហាននេះ គាត់ពាក់អាវរោមអូដ្ឋ ហើយមានខ្សែក្រវាត់ស្បែកនៅចង្កេះ ក៏មានកណ្តូប និងទឹកឃ្មុំព្រៃជាអាហារ។
5. នោះពួកក្រុងយេរូសាឡិម និងពួកស្រុកយូដាទាំងអស់ ព្រមទាំងមនុស្សដែលនៅក្រវល់ជុំវិញទន្លេយ័រដាន់ គេចេញមកឯគាត់
6. ក៏លន់តួបាប ហើយទទួលបុណ្យជ្រមុជពីគាត់ ក្នុងទន្លេយ័រដាន់ទាំងអស់គ្នា
7. តែកាលគាត់ឃើញពួកផារីស៊ី និងពួកសាឌូស៊ី មកទទួលបុណ្យជ្រមុជពីគាត់ជាច្រើនដែរ នោះក៏សួរគេថា ឱពូជពស់វែកអើយ តើអ្នកណាបានប្រាប់ ឲ្យអ្នករាល់គ្នារត់ចេញ ពីសេចក្ដីក្រោធដែលត្រូវមកដូច្នេះ
8. បើយ៉ាងនេះ ចូរអ្នករាល់គ្នាបង្កើតផល ដែលសំណំនឹងសេចក្ដីប្រែចិត្តនោះចុះ
9. ហើយកុំឲ្យគិតក្នុងចិត្តថា មានលោកអ័ប្រាហាំជាឪពុកខ្លួននោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះទ្រង់អាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំ ពីថ្មទាំងនេះក៏បានដែរ
10. ប៉ុន្តែ ឥឡូវនេះ ពូថៅបានដាក់នៅឫសដើមឈើហើយ ដូច្នេះ អស់ទាំងដើមណាដែលកើតផ្លែមិនល្អ នោះត្រូវកាប់បោះចោលទៅក្នុងភ្លើង
11. ឯខ្ញុំ ពិតមែនជាធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ពីព្រោះមានសេចក្ដីប្រែចិត្ត តែព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចលើសជាងខ្ញុំទៅទៀត ខ្ញុំមិនគួរនឹងកាន់សុព័ណ៌បាទទ្រង់ទេ ព្រះអង្គនោះនឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ