42. វាជួយសង្គ្រោះមនុស្សឯទៀតបាន តែមិនអាចនឹងជួយសង្គ្រោះដល់ខ្លួនវាបានទេ បើសិនណាវាជាស្តេចសាសន៍អ៊ីស្រាអែលមែន ចូរឲ្យវាចុះពីឈើឆ្កាងមក នោះយើងនឹងជឿដល់វា
43. វាបានទុកចិត្តនឹងព្រះ ដូច្នេះ បើព្រះសព្វព្រះហឫទ័យនឹងវា សូមទ្រង់ជួយដោះវាឥឡូវចុះ! ដ្បិតវាបានថា ខ្ញុំជាព្រះរាជបុត្រានៃព្រះ
44. ហើយចោរ២នាក់ ដែលត្រូវឆ្កាងជាមួយនឹងទ្រង់ គេក៏ស្តីឲ្យទ្រង់ដូច្នោះដែរ។
45. តាំងពីថ្ងៃទ្រង់ ដរាបដល់ម៉ោង៣រសៀល នោះមានងងឹតដាប គ្របពេញលើផែនដី
46. ប្រហែលជាម៉ោង៣ នោះព្រះយេស៊ូវទ្រង់បន្លឺឡើងជាសំឡេងខ្លាំងថា អេលីៗល៉ាម៉ាសាបាច់ថានី គឺស្រាយថា ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ
47. មានអ្នកខ្លះដែលឈរនៅទីនោះ កាលគេបានឮ នោះក៏និយាយថា វាស្រែកហៅរកលោកអេលីយ៉ាហើយ
48. ស្រាប់តែមានម្នាក់រត់ទៅ យកសារាយរំហួត ជ្រលក់ទឹកខ្មេះជោកដាក់នឹងចុងដើមត្រែង ហុចទៅថ្វាយទ្រង់សោយ
49. តែអ្នកឯទៀតនិយាយថា ឈប់សិន ចាំមើលលោកអេលីយ៉ាមកជួយសង្គ្រោះវា។
50. កាលព្រះយេស៊ូវ ទ្រង់បានស្រែកជាខ្លាំងម្តងទៀត នោះទ្រង់ប្រគល់វិញ្ញាណទ្រង់ទៅវិញ
51. គ្រានោះ វាំងននក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះទៅដល់ក្រោម ក៏មានកក្រើកដី ហើយថ្មប្រេះដាច់ពីគ្នា
52. អស់ទាំងផ្នូរខ្មោចក៏របើកឡើង ឯខ្មោចពួកអ្នកបរិសុទ្ធ ដែលដេកលក់ទៅហើយ បានរស់ឡើងវិញជាច្រើន
53. ទាំងចេញពីផ្នូរ ក្នុងពេលក្រោយដែលទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយចូលទៅក្នុងទីក្រុងបរិសុទ្ធ លេចមកឲ្យមនុស្សជាច្រើនឃើញដែរ
54. ឯមេទ័ព និងពួកអ្នកដែលចាំយាមព្រះយេស៊ូវជាមួយគ្នា កាលបានឃើញកក្រើកដី និងការទាំងប៉ុន្មាន ដែលកើតមកដូច្នោះ នោះក៏ភ័យញ័រជាខ្លាំង គាត់និយាយថា នេះពិតជាព្រះរាជបុត្រានៃព្រះមែន
55. នៅទីនោះក៏មានស្ត្រីជាច្រើនដែលមកតាមព្រះយេស៊ូវ ពីស្រុកកាលីឡេ ដើម្បីបំរើទ្រង់ គេឈរមើលពីចំងាយ