32. កាលបានចេញទៅហើយ នោះគេប្រទះឃើញមនុស្សស្រុកគីរេនម្នាក់ឈ្មោះស៊ីម៉ូន ក៏ចាប់បង្ខំឲ្យលីឈើឆ្កាងទ្រង់ទៅ
33. លុះបានដល់កន្លែងហៅថា គាល់កូថា ដែលស្រាយថាភ្នំលលាដក្បាល
34. នោះគេយកទឹកខ្មេះលាយនឹងប្រមាត់ថ្វាយទ្រង់សោយ តែកាលទ្រង់បានភ្លក់មើលនោះទ្រង់មិនព្រមសោយទេ
35. គ្រាបានឆ្កាងទ្រង់ហើយ នោះគេធ្វើឆ្នោតចាប់ចែកព្រះពស្ត្រទ្រង់ ដើម្បីឲ្យបានសំរេចតាមទំនាយ ដែលហោរាបានទាយទុកមកថា «គេបានយកអាវខ្ញុំចែកគ្នា ហើយបានធ្វើឆ្នោតចាប់យកអាវវែងខ្ញុំ»
36. គេអង្គុយចាំយាមទ្រង់នៅទីនោះ
37. ក៏បិទប្រកាសដែលកាត់ទោសទ្រង់ ដាក់ពីលើព្រះសិរថា «នេះឈ្មោះយេស៊ូវ ជាស្តេចសាសន៍យូដា»
38. នៅវេលានោះ ក៏ឆ្កាងចោរ២នាក់ជាមួយនឹងទ្រង់ដែរ ១ខាងស្តាំ ហើយ១ខាងឆ្វេង។
39. ឯមនុស្សដែលដើរតាមទីនោះ គេជេរប្រមាថដល់ទ្រង់ ទាំងគ្រវីក្បាល ហើយនិយាយថា
40. ឯងដែលបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាង៣ថ្ងៃអើយ ចូរជួយសង្គ្រោះខ្លួនចុះ បើឯងជាព្រះរាជបុត្រានៃព្រះមែន នោះឲ្យចុះពីឈើឆ្កាងមក
41. ឯពួកសង្គ្រាជ ព្រមទាំងពួកអាចារ្យ និងពួកចាស់ទុំ គេក៏ចំអកឲ្យទ្រង់បែបដូច្នោះដែរ ដោយថា
42. វាជួយសង្គ្រោះមនុស្សឯទៀតបាន តែមិនអាចនឹងជួយសង្គ្រោះដល់ខ្លួនវាបានទេ បើសិនណាវាជាស្តេចសាសន៍អ៊ីស្រាអែលមែន ចូរឲ្យវាចុះពីឈើឆ្កាងមក នោះយើងនឹងជឿដល់វា
43. វាបានទុកចិត្តនឹងព្រះ ដូច្នេះ បើព្រះសព្វព្រះហឫទ័យនឹងវា សូមទ្រង់ជួយដោះវាឥឡូវចុះ! ដ្បិតវាបានថា ខ្ញុំជាព្រះរាជបុត្រានៃព្រះ
44. ហើយចោរ២នាក់ ដែលត្រូវឆ្កាងជាមួយនឹងទ្រង់ គេក៏ស្តីឲ្យទ្រង់ដូច្នោះដែរ។
45. តាំងពីថ្ងៃទ្រង់ ដរាបដល់ម៉ោង៣រសៀល នោះមានងងឹតដាប គ្របពេញលើផែនដី
46. ប្រហែលជាម៉ោង៣ នោះព្រះយេស៊ូវទ្រង់បន្លឺឡើងជាសំឡេងខ្លាំងថា អេលីៗល៉ាម៉ាសាបាច់ថានី គឺស្រាយថា ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ