ម៉ាថាយ 27:20-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. តែ​ពួក​សង្គ្រាជ និង​ពួក​ចាស់‌ទុំ គេ​បញ្ចេះ​ហ្វូង​មនុស្ស ឲ្យ​សូម​បារ៉ា‌បាស​វិញ ហើយ​ឲ្យ​បំផ្លាញ​ព្រះ‌យេស៊ូវ​បង់

21. នោះ​លោក​ចៅ‌ហ្វាយ​ចាប់​ពាក្យ​សួរ​គេ​ថា ក្នុង​មនុស្ស​២​នាក់​នេះ តើ​ចង់​ឲ្យ​ខ្ញុំ​លែង​អ្នក​ណា គេ​ឆ្លើយ​ឡើង​ថា សូម​លែង​បារ៉ា‌បាស​ចុះ

22. លោក​ពីឡាត់​សួរ​គេ​ថា ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​យេស៊ូវ ដែល​ហៅ​ជា​ព្រះ‌គ្រីស្ទ​នេះ អ្នក​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​ឡើង​ថា ចូរ​ឆ្កាង​វា​ទៅ

23. នោះ​លោក​ចៅ‌ហ្វាយ​សួរ​ថា តើ​អ្នក​នេះ​បាន​ធ្វើ​ខុស​អ្វី តែ​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា ចូរ​ឆ្កាង​វា​ទៅ

24. កាល​លោក​ពីឡាត់​ឃើញ​ថា មិន​ឈ្នះ​ទេ កើត​មាន​កោលា‌ហល​កាន់​តែ​ខ្លាំង​ឡើង​ដូច្នោះ នោះ​លោក​យក​ទឹក​មក​លាង​ដៃ នៅ​មុខ​ហ្វូង​មនុស្ស ទាំង​មាន​ប្រសាសន៍​ថា ខ្ញុំ​គ្មាន​ទោស​នឹង​ឈាម​នៃ​អ្នក​សុចរិត​នេះ​ទេ ការ​នេះ​ស្រេច​នៅ​អ្នក​រាល់​គ្នា​ចុះ

25. បណ្តា‌ជន​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​ឡើង​ថា ចូរ​ឲ្យ​ឈាម​វា​ធ្លាក់​មក​លើ​យើង​រាល់​គ្នា និង​កូន​ចៅ​របស់​យើង​ចុះ

26. ដូច្នេះ លោក​ក៏​លែង​បារ៉ា‌បាស​ឲ្យ​ដល់​គេ ឯ​ព្រះ‌យេស៊ូវ​វិញ កាល​គេ​បាន​វាយ​នឹង​រំពាត់​រួច​ហើយ នោះ​ក៏​បញ្ជូន​ទៅ​ឲ្យ​គេ​ឆ្កាង​ទ្រង់។

27. នោះ​ពួក​ទាហាន​របស់​លោក​ចៅ‌ហ្វាយ គេ​ក៏​នាំ​ព្រះ‌យេស៊ូវ​ទៅ​ក្នុង​សាលា រួច​ប្រមូល​ក្រុម​ទាហាន​ទាំង​អស់​មក​ទាស់​នឹង​ទ្រង់

28. គេ​ដោះ​ព្រះ‌ពស្ត្រ​ទ្រង់​ចេញ ហើយ​យក​អាវ​ក្រហម​មក​បំពាក់​វិញ

29. ក៏​ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះ‌សិរ​ទ្រង់ ហើយ​យក​ដើម​ត្រែង​ដាក់​នៅ​ព្រះ‌ហស្ត​ស្តាំ រួច​គេ​លុត​ជង្គង់​នៅ​ចំពោះ​ទ្រង់ ទាំង​ពោល​ចំអក​ថា ថ្វាយ‌បង្គំ​ស្តេច​សាសន៍​យូដា

30. គេ​ស្តោះ​ដាក់​ទ្រង់ ក៏​យក​ដើម​ត្រែង​នោះ​វាយ​ព្រះ‌សិរ​ផង

ម៉ាថាយ 27