57. ឯពួកអ្នកដែលចាប់ព្រះយេស៊ូវ គេដឹកនាំទ្រង់ទៅឯលោកកៃផា ជាសំដេចសង្ឃ នៅកន្លែងដែលពួកអាចារ្យ និងពួកចាស់ទុំបានប្រជុំគ្នា
58. រីឯពេត្រុស គាត់តាមទ្រង់ពីចំងាយទៅ រហូតដល់ព្រះលាននៃសំដេចសង្ឃ ក៏ចូលទៅអង្គុយខាងក្នុង ជាមួយនឹងពួកអាជ្ញា ដើម្បីចង់ឃើញទីបំផុតនៃការនោះ។
59. ចំណែកពួកសង្គ្រាជ និងពួកចាស់ទុំ ហើយក្រុមជំនុំទាំងអស់គ្នា គេស្វែងរកសេចក្ដីបន្ទាល់ក្លែងទាស់នឹងព្រះយេស៊ូវ ប្រយោជន៍ឲ្យបានសំឡាប់ទ្រង់
60. តែទោះបើមានស្មរបន្ទាល់ក្លែងក្លាយមកជាច្រើននាក់ក៏ដោយ គង់តែរកមិនបានសោះ
61. តែក្រោយបង្អស់ មានស្មរបន្ទាល់២នាក់មកចោទថា អានេះបាននិយាយថា ខ្ញុំអាចនឹងបំផ្លាញព្រះវិហារចេញ ហើយនឹងសង់ឡើងវិញ ក្នុងរវាង៣ថ្ងៃបាន
62. នោះសំដេចសង្ឃក៏ក្រោកឡើងដណ្តឹងសួរទ្រង់ថា តើឯងមិនព្រមឆ្លើយសោះឬអី សេចក្ដីដែលគេចោទប្រកាន់ឯងទាំងប៉ុន្មាននេះ តើយ៉ាងដូចម្តេច
63. ឯព្រះយេស៊ូវទ្រង់នៅតែស្ងៀម រួចសំដេចសង្ឃបង្គាប់ទ្រង់ថា ចូរស្បថនឹងព្រះដ៏មានព្រះជន្មរស់ចុះ បើឯងជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះមែន នោះចូរប្រាប់យើងមក
64. ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅលោកថា ត្រូវដូចលោកមានប្រសាសន៍ហើយ ១ទៀតខ្ញុំប្រាប់អ្នករាល់គ្នាថា អំណឹះទៅមុខ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយ នៅខាងស្តាំនៃព្រះដ៏មានព្រះចេស្តា ហើយទាំងមកលើពពកនៅលើមេឃផង
65. នោះសំដេចសង្ឃក៏ហែកអាវខ្លួន ហើយនិយាយឡើងថា វាបានពោលពាក្យប្រមាថដល់ព្រះ ដូច្នេះ តើយើងចាំបាច់ត្រូវការនឹងទីបន្ទាល់ណាថែមទៀត មើលអ្នករាល់គ្នាទើបនឹងឮពាក្យ ដែលវាប្រមាថនោះស្រាប់ហើយ
66. តើគិតយ៉ាងដូចម្តេច អ្នកទាំងនោះឆ្លើយឡើងថា វាគួរស្លាប់ហើយ
67. គេក៏ស្តោះដាក់ព្រះភក្ត្រ ហើយដាល់តប់ទ្រង់ មានអ្នកខ្លះទះទ្រង់ ទាំងទូលថា
68. ចូរទាយប្រាប់យើងចុះ ព្រះគ្រីស្ទអើយ តើអ្នកណាបានវាយឯង។
69. ឯពេត្រុស គាត់អង្គុយនៅក្នុងព្រះលានឰដ៏ខាងក្រៅ នោះមានបាវស្រីម្នាក់មកឯគាត់និយាយថា អ្នកឯងបាននៅជាមួយនឹងយេស៊ូវ ជាអ្នកស្រុកកាលីឡេនេះដែរ
70. តែគាត់ប្រកែកនៅមុខអ្នកទាំងអស់ថា ខ្ញុំមិនដឹងជាអ្នកថាអ្វីទេ
71. កាលគាត់បានចេញទៅដល់មាត់ទ្វារហើយ នោះបាវស្រីម្នាក់ទៀតឃើញគាត់ ក៏ប្រាប់ដល់ពួកអ្នកនៅទីនោះថា អ្នកនេះបាននៅជាមួយនឹងយេស៊ូវ ជាអ្នកស្រុកណាសារ៉ែតដែរ