47. កាលទ្រង់កំពុងតែមានព្រះបន្ទូលនៅឡើយ នោះឃើញយូដាស ជាម្នាក់ក្នុងពួក១២មកដល់ នាំទាំងហ្វូងមនុស្សជាធំ ដែលកាន់ដាវ កាន់ដំបង មកពីពួកសង្គ្រាជ និងពួកចាស់ទុំនៃបណ្តាជន
48. ឯអ្នកដែលបញ្ជូនទ្រង់ ក៏ប្រាប់ទីសំគាល់នេះដល់គេថា អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ ចូរចាប់វាចុះ
49. ស្រាប់តែវាមកដល់ព្រះយេស៊ូវគំនាប់ទូលថា ជំរាបសួរលោកគ្រូ រួចក៏ថើបទ្រង់
50. តែព្រះយេស៊ូវទ្រង់មានព្រះបន្ទូលតបថា សំឡាញ់អើយ ឯងមកធ្វើអី នោះគេក៏មកលូកដៃចាប់ព្រះអង្គ
51. ខណៈនោះ មានម្នាក់ដែលនៅជាមួយនឹងព្រះយេស៊ូវ គាត់លូកដៃទៅហូតដាវ កាប់ដាច់ស្លឹកត្រចៀករបស់បាវសំដេចសង្ឃម្នាក់
52. តែព្រះយេស៊ូវមានព្រះបន្ទូលទៅថា ចូរស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលយកដាវ នោះត្រូវស្លាប់ដោយដាវដែរ
53. តើអ្នកស្មានថា ខ្ញុំមិនអាចនឹងសូមដល់ព្រះវរបិតាខ្ញុំឥឡូវ ដែលទ្រង់នឹងចាត់ពួកទេវតា១២កង មកខ្ញុំជា១រំពេចទេឬអី
54. បើយ៉ាងនោះ ធ្វើដូចម្តេចនឹងបានសំរេចតាមគម្ពីរ ដែលថាត្រូវតែកើតមានដូច្នេះ។
55. នៅវេលានោះឯង ព្រះយេស៊ូវមានព្រះបន្ទូលទៅហ្វូងមនុស្សថា តើអ្នករាល់គ្នាបានចេញមកចាប់ខ្ញុំ ដោយកាន់ដាវ កាន់ដំបង ដូចជាមកចាប់ចោរឬអី ខ្ញុំបានអង្គុយជាមួយនឹងអ្នករាល់គ្នា ហើយបង្រៀនក្នុងព្រះវិហាររាល់តែថ្ងៃ តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំទេ
56. ប៉ុន្តែ ការទាំងនេះបានកើតមក ដើម្បីឲ្យបានសំរេចតាមទំនាយពួកហោរាវិញ នោះពួកសិស្សទាំងអស់ក៏រត់ចោលទ្រង់ទៅ។
57. ឯពួកអ្នកដែលចាប់ព្រះយេស៊ូវ គេដឹកនាំទ្រង់ទៅឯលោកកៃផា ជាសំដេចសង្ឃ នៅកន្លែងដែលពួកអាចារ្យ និងពួកចាស់ទុំបានប្រជុំគ្នា
58. រីឯពេត្រុស គាត់តាមទ្រង់ពីចំងាយទៅ រហូតដល់ព្រះលាននៃសំដេចសង្ឃ ក៏ចូលទៅអង្គុយខាងក្នុង ជាមួយនឹងពួកអាជ្ញា ដើម្បីចង់ឃើញទីបំផុតនៃការនោះ។