43. កាលទ្រង់បានយាងមកវិញ នោះក៏ឃើញពួកសិស្សដេកលក់ទៀត ដ្បិតភ្នែកគេធ្ងន់ជ្រប់
44. រួចទ្រង់យាងចោលគេទៅម្តងទៀត នឹងអធិស្ឋានជាគំរប់៣ដង ដោយព្រះបន្ទូលជាសេចក្ដីដដែល
45. នោះទ្រង់យាងមកឯពួកសិស្សមានព្រះបន្ទូលថា ឥឡូវនេះ អ្នករាល់គ្នាដេកលក់ ហើយសំរាកកំឡាំងទៀតឬ មើលកំណត់ជិតដល់ហើយ កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សមានបាប
46. ចូរក្រោកឡើង យើងទៅ ន៏ អ្នកដែលបញ្ជូនខ្ញុំជិតមកដល់ហើយ។
47. កាលទ្រង់កំពុងតែមានព្រះបន្ទូលនៅឡើយ នោះឃើញយូដាស ជាម្នាក់ក្នុងពួក១២មកដល់ នាំទាំងហ្វូងមនុស្សជាធំ ដែលកាន់ដាវ កាន់ដំបង មកពីពួកសង្គ្រាជ និងពួកចាស់ទុំនៃបណ្តាជន
48. ឯអ្នកដែលបញ្ជូនទ្រង់ ក៏ប្រាប់ទីសំគាល់នេះដល់គេថា អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ ចូរចាប់វាចុះ
49. ស្រាប់តែវាមកដល់ព្រះយេស៊ូវគំនាប់ទូលថា ជំរាបសួរលោកគ្រូ រួចក៏ថើបទ្រង់
50. តែព្រះយេស៊ូវទ្រង់មានព្រះបន្ទូលតបថា សំឡាញ់អើយ ឯងមកធ្វើអី នោះគេក៏មកលូកដៃចាប់ព្រះអង្គ
51. ខណៈនោះ មានម្នាក់ដែលនៅជាមួយនឹងព្រះយេស៊ូវ គាត់លូកដៃទៅហូតដាវ កាប់ដាច់ស្លឹកត្រចៀករបស់បាវសំដេចសង្ឃម្នាក់
52. តែព្រះយេស៊ូវមានព្រះបន្ទូលទៅថា ចូរស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលយកដាវ នោះត្រូវស្លាប់ដោយដាវដែរ
53. តើអ្នកស្មានថា ខ្ញុំមិនអាចនឹងសូមដល់ព្រះវរបិតាខ្ញុំឥឡូវ ដែលទ្រង់នឹងចាត់ពួកទេវតា១២កង មកខ្ញុំជា១រំពេចទេឬអី
54. បើយ៉ាងនោះ ធ្វើដូចម្តេចនឹងបានសំរេចតាមគម្ពីរ ដែលថាត្រូវតែកើតមានដូច្នេះ។