7. ស្រីព្រហ្មចារីទាំងឡាយក៏ភ្ញាក់ឡើង រៀបចំចង្កៀងរៀងរាល់ខ្លួន
8. ឯពួកនាងដែលល្ងង់ គេនិយាយទៅពួកនាងមានគំនិតថា សូមចែកប្រេងមកឲ្យយើងផង ព្រោះចង្កៀងយើងចង់រលត់ហើយ
9. តែពួកនាងមានគំនិតឆ្លើយឡើងថា ទេ ក្រែងគ្មានល្មមដល់យើង ហើយនឹងនាងរាល់គ្នាផង ស៊ូទៅឯផ្ទះលក់ប្រេង ទិញសំរាប់ខ្លួនវិញទៅ
10. តែកំពុងតែនាងទាំងនោះទៅទិញ ប្ដីក៏មកដល់ ហើយពួកនាងដែលបានបំរុងជាស្រេច ក៏ចូលទៅក្នុងរោងការជាមួយគ្នា រួចគេបិទទ្វារ
11. ឯនាងព្រហ្មចារីឯទៀត ក៏មកអង្វរថា លោកម្ចាស់ៗអើយ សូមបើកឲ្យយើងខ្ញុំផង
12. តែគាត់ឆ្លើយថា ខ្ញុំប្រាប់នាងរាល់គ្នាជាប្រាកដថា ខ្ញុំមិនស្គាល់នាងទេ
13. ដូច្នេះ ចូរចាំយាមចុះ ដ្បិតអ្នករាល់គ្នាមិនដឹងជាថ្ងៃណា ឬពេលណាដែលកូនមនុស្សត្រូវមកនោះទេ។
14. ដ្បិតដំណើរនេះបែបដូចជាមនុស្សម្នាក់ ដែលរៀបនឹងចេញពីស្រុកទៅ គាត់ហៅពួកបាវមកប្រគល់របស់ទ្រព្យខ្លួនទុកនឹងគេ
15. បានឲ្យប្រាក់ទៅម្នាក់៥ពាន់ ម្នាក់ទៀត២ពាន់ ហើយអ្នកទីបី១ពាន់ គឺឲ្យគ្រប់គ្នាតាមដំរិះគេរៀងខ្លួន រួចក៏ចេញទៅ
16. នោះអ្នកដែលទទួល៥ពាន់ ក៏យកប្រាក់ទៅជួញបានចំណេញបាន៥ពាន់ទៀត
17. ហើយអ្នកដែលទទួល២ពាន់ គាត់ធ្វើដូច្នោះដែរ ក៏បានចំណេញ២ពាន់ទៀត
18. តែឯអ្នកដែលទទួលតែ១ពាន់ វាទៅជីកដីកប់ប្រាក់របស់ចៅហ្វាយវិញ
19. យូរក្រោយមក ចៅហ្វាយរបស់បាវទាំងនោះត្រឡប់មកវិញ គិតបញ្ជីនឹងគេ
20. ចំណែកអ្នកដែលបានទទួល៥ពាន់ ក៏យក៥ពាន់ទៀតមកជំរាបចៅហ្វាយថា លោកចៅហ្វាយ លោកបានប្រគល់ប្រាក់៥ពាន់មកខ្ញុំ មើលខ្ញុំបានចំណេញ៥ពាន់ទៀត