17. កុំឲ្យអ្នកណាដែលនៅលើដំបូលផ្ទះចុះមក ដើម្បីនឹងយករបស់អ្វីពីផ្ទះឡើយ
18. ហើយកុំឲ្យអ្នកដែលនៅស្រែចំការ ត្រឡប់មកវិញ ដើម្បីនឹងយកសំលៀកបំពាក់ខ្លួនដែរ
19. នៅគ្រានោះ ស្ត្រីណាដែលមានផ្ទៃពោះ ហើយស្ត្រីណាដែលបំបៅកូន នឹងវេទនាណាស់
20. ចូរអធិស្ឋានសូមកុំឲ្យត្រូវរត់នៅរដូវរងា ឬនៅថ្ងៃឈប់សំរាកឡើយ
21. ដ្បិតនៅគ្រានោះ នឹងមានសេចក្ដីវេទនាជាខ្លាំងណាស់ ដល់ម៉្លេះបានជាតាំងពីដើមកំណើតលោកីយ៍ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ
22. បើមិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីចុះ នោះគ្មានមនុស្សណានឹងបានសង្គ្រោះទេ ប៉ុន្តែ ថ្ងៃទាំងនោះនឹងត្រូវបន្ថយទៅ ដោយយល់ដល់ពួករើសតាំង
23. គ្រានោះ បើមានអ្នកណាប្រាប់អ្នករាល់គ្នាថា មើល ព្រះគ្រីស្ទគង់នៅទីនេះ ឬនៅទីនោះ នោះកុំឲ្យជឿគេឡើយ
24. ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនឹងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន
25. មើលខ្ញុំបានប្រាប់អ្នករាល់គ្នាជាមុន
26. ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា មើល ទ្រង់គង់នៅទីរហោស្ថាន នោះកុំឲ្យចេញទៅឡើយ ឬថា មើលទ្រង់គង់នៅក្នុងបន្ទប់ នោះក៏កុំឲ្យជឿឲ្យសោះ
27. ព្រោះដំណើរដែលកូនមនុស្សមក នោះនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីទិសខាងកើតដល់ទិសខាងលិចដែរ
28. ដ្បិតខ្មោចមាននៅកន្លែងណា ឥន្ទ្រីនឹងប្រជុំគ្នានៅកន្លែងនោះឯង។
29. ក្រោយសេចក្ដីវេទនារបស់គ្រានោះមក ស្រាប់តែថ្ងៃនឹងទៅជាងងឹត ខែនឹងលែងភ្លឺ អស់ទាំងផ្កាយនឹងធ្លាក់ចុះពីលើមេឃ
30. នោះទីសំគាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ គ្រប់ទាំងពូជមនុស្សនៅផែនដីនឹងគក់ទ្រូង មានទាំងព្រះចេស្តា និងសិរីល្អជាខ្លាំង
31. ហើយលោកនឹងចាត់ពួកទេវតារបស់លោក ឲ្យមកដោយសូរផ្លុំត្រែជាខ្លាំង ទេវតាទាំងនោះនឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំង៤ ចាប់តាំងពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង។
32. ប៉ុន្តែ ចូររៀនសេចក្ដីប្រៀបប្រដូចពីដើមល្វា កាលណាមែកវាត្រឡប់ជាទន់ ហើយស្លឹកក៏ប៉ិចឡើង នោះអ្នករាល់គ្នាដឹងថា រដូវក្តៅជិតដល់ហើយ