ម៉ាថាយ 23:24-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. ឱ​ពួក​មនុស្ស​កង្វាក់ ដែល​នាំ​ផ្លូវ​គេ​អើយ អ្នក​រាល់​គ្នា​ត្រង​សុច​ចេញ តែ​លេប​សត្វ​អូដ្ឋ​វិញ

25. វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​លាង​ចាន​លាង​ថាស​តែ​ខាង​ក្រៅ ឯ​ខាង​ក្នុង​វិញ នោះ​ពេញ​ដោយ​អំពើ​ប្លន់ និង​សេចក្ដី​ហួស​ខ្នាត​ទទេ

26. ឱ​ពួក​ផារី‌ស៊ី​កង្វាក់​អើយ ចូរ​លាង​ចាន​លាង​ថាស​ខាង​ក្នុង​ជា​មុន ដើម្បី​ឲ្យ​ខាង​ក្រៅ​បាន​ស្អាត​ដែរ

27. វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ដូច​ជា​ម៉ុង​ខ្មោច​ដែល​លាប​ស ឯ​ខាង​ក្រៅ ល្អ​មើល​ពិត​មែន តែ​ខាង​ក្នុង​មាន​ពេញ​ដោយ​ឆ្អឹង​ខ្មោច និង​សេចក្ដី​ស្មោក‌គ្រោក​គ្រប់​មុខ​វិញ

28. អ្នក​រាល់​គ្នា​ក៏​បែប​ដូច្នោះ​ដែរ ខាង​ក្រៅ​មើល​ទៅ​ដូច​ជា​សុចរិត​ដល់​មនុស្ស​លោក​មែន តែ​ខាង​ក្នុង​មាន​សុទ្ធ​តែ​សេចក្ដី​កំពុត និង​សេចក្ដី​ទទឹង​ច្បាប់​ទទេ

29. វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ធ្វើ​ម៉ុង​ពួក​ហោរា ហើយ​តាក់‌តែង​ផ្នូរ​របស់​ពួក​មនុស្ស​សុចរិត

30. ដោយ​ថា បើ​យើង​បាន​រស់​នៅ​ក្នុង​ជំនាន់​ពួក​អយ្យកោ​យើង នោះ​យើង​មិន​បាន​ចូល​ដៃ​នឹង​គាត់ ដើម្បី​កំចាយ​ឈាម​ពួក​ហោរា​ទេ

31. ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​ជា​បន្ទាល់​ទាស់​នឹង​ខ្លួន​ថា អ្នក​រាល់​គ្នា​ជា​កូន​របស់​ពួក​អ្នក​ដែល​បាន​សំឡាប់​ហោរា​ទាំង​នោះ

32. ឯ​អ្នក​រាល់​គ្នា ចូរ​បំពេញ​រង្វាល់​របស់​ពួក​អយ្យកោ​នៃ​អ្នក​រាល់​គ្នា​ចុះ

33. ឱ​សត្វ​ពស់ ឱ​ពូជ​ពស់‌វែក​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​រួច​ពី​ទោស នៅ​ក្នុង​នរក​បាន

34. ដោយ​ហេតុ​នោះ បាន​ជា​ខ្ញុំ​ចាត់​ពួក​ហោរា ពួក​អ្នក​ប្រាជ្ញ និង​ពួក​អាចារ្យ ឲ្យ​មក​ឯ​អ្នក​រាល់​គ្នាៗ នឹង​សំឡាប់ ហើយ​ឆ្កាង​ខ្លះ ក៏​វាយ​ខ្លះ​នឹង​រំពាត់ នៅ​ក្នុង​សាលា​ប្រជុំ​របស់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ទុក្ខ​បៀត‌បៀន​គេ ពី​ក្រុង​១​ទៅ​ដល់​ក្រុង​១

ម៉ាថាយ 23