2. ពួកអាចារ្យ និងពួកផារីស៊ី គេបានតាំងខ្លួនគេ អង្គុយនៅទីបង្រៀនរបស់លោកម៉ូសេ
3. ដូច្នេះ គ្រប់ទាំងសេចក្ដីណាដែលគេប្រាប់ឲ្យអ្នករាល់គ្នាកាន់តាម នោះចូរកាន់ ហើយប្រព្រឹត្តតាមចុះ ប៉ុន្តែ កុំឲ្យប្រព្រឹត្តតាមអំពើរបស់គេឡើយ ដ្បិតគេគ្រាន់តែថា តែមិនធ្វើតាមទេ
4. ពីព្រោះគេចងបន្ទុកយ៉ាងធ្ងន់ ដាក់លើស្មាមនុស្ស ជាបន្ទុកដែលពិបាកទទួល តែខ្លួនគេមិនព្រមទាំងយកម្រាមដៃឆ្កឹះបន្ទុកនោះផង
5. គ្រប់ទាំងការដែលគេធ្វើទាំងប៉ុន្មាន នោះសុទ្ធតែធ្វើឲ្យតែមនុស្សមើលឃើញទេ គឺគេធ្វើស្លាកអាវគេឲ្យវែងៗ
6. គេគាប់ចិត្តនឹងកន្លែងលេខ១ក្នុងការស៊ីលៀង និងកន្លែងដែលមុខគេក្នុងសាលាប្រជុំ
7. ព្រមទាំងគាប់ចិត្តឲ្យមនុស្សគំនាប់ខ្លួននៅទីផ្សារ ហើយឲ្យគេហៅខ្លួនថា លោកគ្រូៗផង
8. ប៉ុន្តែ ឯអ្នករាល់គ្នាវិញ មិនត្រូវឲ្យអ្នកដទៃហៅខ្លួនជាលោកគ្រូឡើយ ដ្បិតអ្នករាល់គ្នាមានសាស្តាតែ១ ហើយជាបងប្អូននឹងគ្នាទាំងអស់
9. ក៏កុំឲ្យហៅអ្នកណាជាឪពុក នៅផែនដីនេះដែរ ដ្បិតមានឪពុកតែ១ប៉ុណ្ណោះ គឺជាព្រះដែលគង់នៅស្ថានសួគ៌
10. ហើយកុំឲ្យអ្នកណាហៅខ្លួនជាសាស្តាឡើយ ដ្បិតមានសាស្តាតែ១ប៉ុណ្ណោះ គឺជាព្រះគ្រីស្ទ
11. តែអ្នកណាដែលធំជាងគេក្នុងពួកអ្នករាល់គ្នា នោះត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ
12. អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះវិញ ហើយអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើង។
13. វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារីស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាបិទនគរស្ថានសួគ៌នៅមុខមនុស្ស ខ្លួនអ្នករាល់គ្នាមិនព្រមចូល ហើយក៏មិនបើកដល់អស់អ្នក ដែលកំពុងតែចូល ឲ្យគេចូលដែរ
14. វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារីស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាខំសូត្រធម៌ឲ្យច្រើន ដើម្បីឲ្យបានឆស៊ីផ្ទះពួកមេម៉ាយ ហេតុដូច្នោះ អ្នករាល់គ្នានឹងត្រូវទោសធ្ងន់ជាងទៅទៀត
15. វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារីស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាដើរជុំជើងទឹក ជើងគោក ដើម្បីនឹងនាំមនុស្សតែម្នាក់ឲ្យចូលកាន់សាសនា តែកាលណាគេចូលកាន់ហើយ នោះអ្នករាល់គ្នាតែងធ្វើឲ្យគេទៅជាគួរធ្លាក់ទៅនរក ជាជាងខ្លួន១ជា២ផង
16. វេទនាដល់អ្នករាល់គ្នា ពួកកង្វាក់ដែលនាំផ្លូវគេអើយ អ្នករាល់គ្នាថា បើអ្នកណាស្បថនឹងព្រះវិហារ នោះមិនជាអ្វីទេ តែបើស្បថនឹងមាសរបស់ព្រះវិហារ នោះត្រូវជាប់សម្បថខ្លួនហើយ
17. ឱពួកមនុស្សល្ងីល្ងើ ហើយកង្វាក់អើយ តើរបស់ណាធំជាង មាស ឬ ព្រះវិហារដែលធ្វើឲ្យមាសនោះបរិសុទ្ធ