13. វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារីស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាបិទនគរស្ថានសួគ៌នៅមុខមនុស្ស ខ្លួនអ្នករាល់គ្នាមិនព្រមចូល ហើយក៏មិនបើកដល់អស់អ្នក ដែលកំពុងតែចូល ឲ្យគេចូលដែរ
14. វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារីស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាខំសូត្រធម៌ឲ្យច្រើន ដើម្បីឲ្យបានឆស៊ីផ្ទះពួកមេម៉ាយ ហេតុដូច្នោះ អ្នករាល់គ្នានឹងត្រូវទោសធ្ងន់ជាងទៅទៀត
15. វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារីស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាដើរជុំជើងទឹក ជើងគោក ដើម្បីនឹងនាំមនុស្សតែម្នាក់ឲ្យចូលកាន់សាសនា តែកាលណាគេចូលកាន់ហើយ នោះអ្នករាល់គ្នាតែងធ្វើឲ្យគេទៅជាគួរធ្លាក់ទៅនរក ជាជាងខ្លួន១ជា២ផង
16. វេទនាដល់អ្នករាល់គ្នា ពួកកង្វាក់ដែលនាំផ្លូវគេអើយ អ្នករាល់គ្នាថា បើអ្នកណាស្បថនឹងព្រះវិហារ នោះមិនជាអ្វីទេ តែបើស្បថនឹងមាសរបស់ព្រះវិហារ នោះត្រូវជាប់សម្បថខ្លួនហើយ
17. ឱពួកមនុស្សល្ងីល្ងើ ហើយកង្វាក់អើយ តើរបស់ណាធំជាង មាស ឬ ព្រះវិហារដែលធ្វើឲ្យមាសនោះបរិសុទ្ធ
18. ហើយក៏ថា បើអ្នកណាស្បថនឹងអាសនា នោះមិនជាអ្វីទេ តែបើស្បថនឹងដង្វាយនៅលើអាសនា នោះត្រូវជាប់សម្បថខ្លួនហើយ
19. ឱពួកមនុស្សល្ងីល្ងើ ហើយកង្វាក់អើយ តើរបស់ណាធំជាង ដង្វាយ ឬ អាសនាដែលធ្វើឲ្យដង្វាយនោះបានបរិសុទ្ធ
20. ដូច្នេះអ្នកណាដែលស្បថនឹងអាសនា នោះឈ្មោះថាស្បថនឹងអាសនា ហើយនឹងរបស់ទាំងអស់ដែលនៅលើអាសនានោះ
21. ឯអ្នកណាដែលស្បថនឹងព្រះវិហារ នោះឈ្មោះថាស្បថនឹងព្រះវិហារ ហើយនឹងព្រះដែលគង់នៅក្នុងព្រះវិហារនោះដែរ
22. ហើយអ្នកណាដែលស្បថនឹងស្ថានសួគ៌ នោះឈ្មោះថាស្បថនឹងបល្ល័ង្កនៃព្រះ ហើយនឹងព្រះដែលគង់លើបល្ល័ង្កនោះផង
23. វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារីស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាថ្វាយ១ភាគក្នុង១០ ទាំងជីរអង្កាម ជីរលីងលាក់ និងល្ងផង តែបានចោលសេចក្ដីសំខាន់ជាង ដែលនៅក្នុងក្រឹត្យវិន័យវិញ ដូចជាសេចក្ដីយុត្តិធម៌ សេចក្ដីមេត្តាករុណា និងសេចក្ដីជំនឿ គួរតែឲ្យអ្នករាល់គ្នាបានប្រព្រឹត្តការណ៍ទាំងនេះ ហើយការឯទៀតនោះ ក៏មិនត្រូវចោលផង
24. ឱពួកមនុស្សកង្វាក់ ដែលនាំផ្លូវគេអើយ អ្នករាល់គ្នាត្រងសុចចេញ តែលេបសត្វអូដ្ឋវិញ
25. វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារីស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាលាងចានលាងថាសតែខាងក្រៅ ឯខាងក្នុងវិញ នោះពេញដោយអំពើប្លន់ និងសេចក្ដីហួសខ្នាតទទេ
26. ឱពួកផារីស៊ីកង្វាក់អើយ ចូរលាងចានលាងថាសខាងក្នុងជាមុន ដើម្បីឲ្យខាងក្រៅបានស្អាតដែរ
27. វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារីស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាដូចជាម៉ុងខ្មោចដែលលាបស ឯខាងក្រៅ ល្អមើលពិតមែន តែខាងក្នុងមានពេញដោយឆ្អឹងខ្មោច និងសេចក្ដីស្មោកគ្រោកគ្រប់មុខវិញ