20. រួចទ្រង់មានព្រះបន្ទូលសួរថា រូបនេះ និងឈ្មោះនេះ តើជារបស់អ្នកណា
21. គេទូលឆ្លើយថា របស់សេសារ នោះទ្រង់មានព្រះបន្ទូលឆ្លើយថា ដូច្នេះ ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ឯរបស់ព្រះ ចូរថ្វាយទៅព្រះវិញ
22. កាលបានឮដូច្នោះ នោះគេមានសេចក្ដីអស្ចារ្យ រួចក៏ដើរចេញពីទ្រង់បាត់ទៅ។
23. នៅថ្ងៃនោះឯង ពួកសាឌូស៊ី ដែលគេថា គ្មានសេចក្ដីរស់ឡើងវិញទេ គេក៏មកឯទ្រង់ ទូលសាកសួរថា
24. លោកគ្រូ លោកម៉ូសេបានផ្តាំថា «បើអ្នកណាស្លាប់ទៅឥតមានកូន នោះប្អូនត្រូវយកប្រពន្ធរបស់បង ដើម្បីនឹងបង្កើតពូជឲ្យបងខ្លួន»
25. រីឯនៅក្នុងពួកយើងខ្ញុំ មានបងប្អូន៧នាក់ បងច្បងបានយកប្រពន្ធ ហើយស្លាប់ទៅគ្មានកូនសោះ បានទុកប្រពន្ធឲ្យប្អូន
26. ប្អូនបន្ទាប់ក៏ធ្វើដូចគ្នា រួចប្អូនទី៣ ដរាបដល់ប្អូនពៅបំផុត
27. ក្រោយបង្អស់មក ស្ត្រីនោះក៏ស្លាប់ទៅដែរ
28. ដូច្នេះ ដល់គ្រារស់ឡើងវិញ តើនាងនោះនឹងត្រូវធ្វើជាប្រពន្ធរបស់អ្នកណា ក្នុងបណ្តាបងប្អូនទាំង៧នាក់នោះ ដ្បិតសុទ្ធតែបានយកនាងធ្វើជាប្រពន្ធគ្រប់ៗគ្នា