33. ចូរស្តាប់ពាក្យប្រៀបប្រដូច១ទៀត មានថៅកែម្នាក់ដែលដាំចំការទំពាំងបាយជូរ គាត់បានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងជីកទីជាន់ផ្លែ ហើយសង់ប៉ម ក៏ប្រវាស់ទៅឲ្យពួកអ្នកធ្វើចំការ រួចចេញពីស្រុកនោះទៅ
34. កាលជិតដល់រដូវបេះផ្លែហើយ នោះក៏ប្រើបាវខ្លួនឲ្យទៅឯពួកអ្នកទាំងនោះ ដើម្បីនឹងទទួលផល ជាចំណែករបស់ខ្លួន
35. តែពួកធ្វើចំការ គេចាប់បាវទាំងនោះវាយម្នាក់ សំឡាប់ម្នាក់ ហើយម្នាក់ទៀតចោលនឹងថ្មវិញ
36. ថៅកែក៏ប្រើបាវដទៃជាច្រើនជាងមុនឲ្យទៅទៀត តែគេប្រព្រឹត្តនឹងបាវទាំងនោះបែបដូចគ្នា
37. ដល់ក្រោយបង្អស់ គាត់ចាត់កូនខ្លួនឲ្យទៅដោយគិតថា គេនឹងកោតខ្លាចដល់កូនអញ
38. ប៉ុន្តែ កាលពួកចំការបានឃើញ នោះគេនិយាយគ្នាថា នេះជាកូនគ្រងមរដកហើយ ចូរយើងសំឡាប់វាចេញទៅ រួចយើងនឹងដណ្តើមយកមរដករបស់វា
39. គេក៏ចាប់កូននោះ បោះចោលទៅខាងក្រៅចំការ ហើយសំឡាប់ចោលទៅ
40. ដូច្នេះ កាលណាថៅកែចំការមកដល់ តើគាត់នឹងធ្វើអ្វីដល់ពួកអ្នកដែលធ្វើចំការទាំងនោះ
41. គេទូលឆ្លើយតបថា គាត់នឹងសំឡាប់ពួកកំណាចទាំងនោះយ៉ាងអាក្រក់ណាស់ រួច និងប្រវាស់ចំការទៅឲ្យពួកឯទៀតវិញ ដែលគេនឹងឲ្យផលដល់គាត់តាមរដូវ
42. ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគេថា តើអ្នករាល់គ្នាមិនដែលមើលក្នុងគម្ពីរទេឬអី ដែលថា «ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក ការនោះគឺព្រះអម្ចាស់ទ្រង់បានធ្វើ ហើយជាការយ៉ាងអស្ចារ្យនៅភ្នែកយើងខ្ញុំ»
43. ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា នគរព្រះនឹងត្រូវហូតចេញពីអ្នករាល់គ្នា ប្រគល់ទៅឲ្យសាសន៍១ទៀត ដែលគេនឹងបង្កើតផលរបស់នគរនោះ