ម៉ាថាយ 21:33-40 ព្រះគម្ពីរបរិសុទ្ធ (KHOV)

33. ចូរ​ស្តាប់​ពាក្យ​ប្រៀប​ប្រដូច​១​ទៀត មាន​ថៅកែ​ម្នាក់​ដែល​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​ជីក​ទី​ជាន់​ផ្លែ ហើយ​សង់​ប៉ម ក៏​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចំការ រួច​ចេញ​ពី​ស្រុក​នោះ​ទៅ

34. កាល​ជិត​ដល់​រដូវ​បេះ​ផ្លែ​ហើយ នោះ​ក៏​ប្រើ​បាវ​ខ្លួន​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ទាំង​នោះ ដើម្បី​នឹង​ទទួល​ផល ជា​ចំណែក​របស់​ខ្លួន

35. តែ​ពួក​ធ្វើ​ចំការ គេ​ចាប់​បាវ​ទាំង​នោះ​វាយ​ម្នាក់ សំឡាប់​ម្នាក់ ហើយ​ម្នាក់​ទៀត​ចោល​នឹង​ថ្ម​វិញ

36. ថៅកែ​ក៏​ប្រើ​បាវ​ដទៃ​ជា​ច្រើន​ជាង​មុន​ឲ្យ​ទៅ​ទៀត តែ​គេ​ប្រព្រឹត្ត​នឹង​បាវ​ទាំង​នោះ​បែប​ដូច​គ្នា

37. ដល់​ក្រោយ​បង្អស់ គាត់​ចាត់​កូន​ខ្លួន​ឲ្យ​ទៅ​ដោយ​គិត​ថា គេ​នឹង​កោត‌ខ្លាច​ដល់​កូន​អញ

38. ប៉ុន្តែ កាល​ពួក​ចំការ​បាន​ឃើញ នោះ​គេ​និយាយ​គ្នា​ថា នេះ​ជា​កូន​គ្រង​មរដក​ហើយ ចូរ​យើង​សំឡាប់​វា​ចេញ​ទៅ រួច​យើង​នឹង​ដណ្តើម​យក​មរដក​របស់​វា

39. គេ​ក៏​ចាប់​កូន​នោះ បោះ​ចោល​ទៅ​ខាង​ក្រៅ​ចំការ ហើយ​សំឡាប់​ចោល​ទៅ

40. ដូច្នេះ កាល​ណា​ថៅកែ​ចំការ​មក​ដល់ តើ​គាត់​នឹង​ធ្វើ​អ្វី​ដល់​ពួក​អ្នក​ដែល​ធ្វើ​ចំការ​ទាំង​នោះ

ម៉ាថាយ 21