ម៉ាថាយ 21:26-38 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. តែ​បើ​យើង​ថា មក​ពី​មនុស្ស​វិញ នោះ​ខ្លាច​ហ្វូង​មនុស្ស ដ្បិត​គេ​រាប់​យ៉ូហាន​ទុក​ជា​ហោរា​ទាំង​អស់​គ្នា

27. រួច​គេ​ទូល​ឆ្លើយ​ថា យើង​មិន​ដឹង​ទេ ហើយ​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​តប​ថា ដូច្នេះ ខ្ញុំ​ក៏​មិន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ពី​អំណាច​ដែល​ខ្ញុំ​អាង​នឹង​ធ្វើ​ការ​ទាំង​នេះ​ដែរ។

28. ប៉ុន្តែ អ្នក​រាល់​គ្នា​គិត​ដូច​ម្តេច មាន​មនុស្ស​ម្នាក់​មាន​កូន​ប្រុស​២ គាត់​ទៅ​ប្រាប់​កូន​ច្បង​ថា កូន​អើយ ថ្ងៃ​នេះ ចូរ​ឯង​ទៅ​ធ្វើ​ការ​ក្នុង​ចំការ​អញ​ទៅ

29. កូន​នោះ​ប្រកែក​ថា ខ្ញុំ​មិន​ទៅ​ទេ ដល់​ក្រោយ​មក​វា​ប្រែ​ចិត្ត​ជា​ទៅ​វិញ

30. គាត់​ក៏​ទៅ​ប្រាប់​ដល់​កូន​ពៅ​ដូច​គ្នា ឯ​កូន​នោះ​វា​ទទួល​ថា ខ្ញុំ​ទៅ លោក​ឪពុក ប៉ុន្តែ វា​មិន​បាន​ទៅ​ទេ

31. ដូច្នេះ បណ្តា​កូន​ទាំង​២​នោះ តើ​កូន​ណា​បាន​ធ្វើ​តាម​ចិត្ត​របស់​ឪពុក គេ​ឆ្លើយ​ថា កូន​ច្បង ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពួក​អ្នក​យក​ពន្ធ និង​ពួក​ស្រី​សំផឹង គេ​ចូល​ទៅ​ក្នុង​នគរ​ព្រះ​មុន​អ្នក​រាល់​គ្នា

32. ដ្បិត​យ៉ូហាន​បាន​មក​ឯ​អ្នក​រាល់​គ្នា​ក្នុង​ផ្លូវ​សុចរិត តែ​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​តាម​គាត់​ទេ ឯ​ពួក​យក​ពន្ធ និង​ពួក​ស្រី​សំផឹង គេ​បាន​ជឿ​តាម​គាត់​វិញ លុះ​កាល​អ្នក​រាល់​គ្នា​បាន​ឃើញ​ដូច្នោះ នោះ​ក៏​នៅ​តែ​មិន​ព្រម​ប្រែ​ចិត្ត​ជឿ​តាម​គាត់​ដែរ។

33. ចូរ​ស្តាប់​ពាក្យ​ប្រៀប​ប្រដូច​១​ទៀត មាន​ថៅកែ​ម្នាក់​ដែល​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​ជីក​ទី​ជាន់​ផ្លែ ហើយ​សង់​ប៉ម ក៏​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចំការ រួច​ចេញ​ពី​ស្រុក​នោះ​ទៅ

34. កាល​ជិត​ដល់​រដូវ​បេះ​ផ្លែ​ហើយ នោះ​ក៏​ប្រើ​បាវ​ខ្លួន​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ទាំង​នោះ ដើម្បី​នឹង​ទទួល​ផល ជា​ចំណែក​របស់​ខ្លួន

35. តែ​ពួក​ធ្វើ​ចំការ គេ​ចាប់​បាវ​ទាំង​នោះ​វាយ​ម្នាក់ សំឡាប់​ម្នាក់ ហើយ​ម្នាក់​ទៀត​ចោល​នឹង​ថ្ម​វិញ

36. ថៅកែ​ក៏​ប្រើ​បាវ​ដទៃ​ជា​ច្រើន​ជាង​មុន​ឲ្យ​ទៅ​ទៀត តែ​គេ​ប្រព្រឹត្ត​នឹង​បាវ​ទាំង​នោះ​បែប​ដូច​គ្នា

37. ដល់​ក្រោយ​បង្អស់ គាត់​ចាត់​កូន​ខ្លួន​ឲ្យ​ទៅ​ដោយ​គិត​ថា គេ​នឹង​កោត‌ខ្លាច​ដល់​កូន​អញ

38. ប៉ុន្តែ កាល​ពួក​ចំការ​បាន​ឃើញ នោះ​គេ​និយាយ​គ្នា​ថា នេះ​ជា​កូន​គ្រង​មរដក​ហើយ ចូរ​យើង​សំឡាប់​វា​ចេញ​ទៅ រួច​យើង​នឹង​ដណ្តើម​យក​មរដក​របស់​វា

ម៉ាថាយ 21